(ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃចន្ទនេះបានព្រមានថា ភពផែនដីកំពុងស្ថិតនៅលើ «ផ្លូវហាយវេឆ្ពោះទៅកាន់ឋាននរកអាកាសធាតុ» ខណៈដែលកិច្ចប្រជុំកំពូលស្តីអំពីការបំប្រែបម្រួលអាកាសធាតុ របស់មេដឹកនាំពិភពលោក បានចាប់ផ្តើមនៅប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ភាសាស្រពិចស្រពិលរបស់លោក Guterres នៅតែជាការអំពាវនាវមួយទៀត សម្រាប់សកម្មភាពបន្ទាន់ បន្ទាប់ពីមួយឆ្នាំនៃគ្រោះមហន្តរាយដែលជំរុញ ដោយអាកាសធាតុមិនធ្លាប់មាននៅទូទាំងពិភពលោក និងកង្វះវឌ្ឍនភាពលើការកាត់បន្ថយការបំភាយឧស្ម័ន ឬការផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសក្រីក្រ។
លោកបាននិយាយនៅឯកិច្ចប្រជុំកំពូលថា «យើងស្ថិតក្នុងការតស៊ូដើម្បីជីវិតរបស់យើង ហើយយើងកំពុងតែចាញ់។ ការបំភាយឧស្ម័នផ្ទះកញ្ចក់បន្តកើនឡើង។ សីតុណ្ហភាពសកលនៅតែបន្តកើនឡើង។ ហើយភពផែនដីរបស់យើងកំពុងខិតជិតដល់ចំណុចបញ្ចប់ ដែលនឹងធ្វើឱ្យភាពចលាចល នៃអាកាសធាតុមិនអាចត្រឡប់ថយក្រោយវិញបាន»។
អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវឱ្យមានកតិកាសញ្ញាសាមគ្គីភាពអាកាសធាតុ «ជាប្រវត្តិសាស្ត្រ» រវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយប្រទេសទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយការបំភាយឧស្ម័ននៅទសវត្សរ៍នេះ ស្របតាមគោលដៅកំណត់ការឡើងកំដៅដល់ ១.៥អង្សាសេ»។
គួរបញ្ជាក់ថា COP27 ដែលត្រូវបានប្រារព្ធឡើងនៅឯទីក្រុងរមណីយដ្ឋានឆ្នេរ Sharm el-Sheikh នៃប្រទេសអេហ្ស៊ីប ត្រូវបានគេរាប់ជាកិច្ចប្រជុំកំពូលនៃការអនុវត្ត ដែលភាគីនានាត្រូវបានលើកទឹកចិត្តឱ្យចេញមុខ ជាមួយនឹងវិធានការ និងសកម្មភាពជាក់ស្តែង ដើម្បីបំពេញការសន្យាកន្លងមក៕