(បរទេស)៖ នាថ្ងៃអង្គារសប្តាហ៍នេះ បាតុភូតចន្ទគ្រាសពេញលេញ ឬហៅថា Total Lunar Eclipse ពោលគឺនៅពេលព្រះចន្ទ ត្រូវបានបាំងជិតទាំងស្រុងដោយស្រមោលផែនដី នឹងលេចឡើងលើផ្ទៃមេឃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ការព្យាកររបស់វែបសាយ Time and Date បានបង្ហាញថា សម្រាប់បាតុភូតចន្ទគ្រាសពេញលេញលើកនេះ តំបន់ដែលអាចមើលឃើញបានល្អជាងគេបំផុត រួមមានដូចជាតំបន់អាមេរិកខាងជើង តំបន់រុស្ស៉ីចុងបូព៌ា តំបន់ប៉ាស៉ីហ្វិក និងតំបន់អាស៉ីខាងកើត ខណៈនៅអាស៉ីអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជាយើង ក៏មានឱកាសមើលឃើញដែរ ប៉ុន្តែនៅពេលវាចាប់ផ្តើមបញ្ចប់ទៅវិញ ពោលគឺពេលស្រមោលផែនដី ចាប់ផ្តើមរំកិលចេញពីផ្ទៃព្រះចន្ទ នាខ្ទង់វេលាម៉ោងជិត៧យប់។
គួរបញ្ជាក់ថា បាតុភូតខាងលើ គឺជាបាតុភូតចន្ទគ្រាសពេញលេញលើកទីពីរ ប្រចាំឆ្នាំ២០២២នេះ ខណៈលើកទីមួយ បានកើតឡើងកាលពីខែឧសភា ដោយនាពេលនោះ នៅកម្ពុជាគឺពុំមានឱកាសមើលឃើញសុទ្ធតែម្តង។ បាតុភូតចន្ទគ្រាសរបៀបនេះ នឹងមិនកើតឡើងទៀតឡើយ រហូតទាល់តែដល់ឆ្នាំ២០២៥ ប៉ុន្តែក្នុងចន្លោះពេលនោះ ក៏មានបាតុភូតចន្ទគ្រាសមិនពេញលេញ ឬហៅថា Partial Lunar Eclipse ជាច្រើន កើតឡើងផងដែរ៕