(ប៉េកាំង)៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ដែលបានបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិនដោយបានលើកឡើងថា ប្រទេសចិនរីករាយ រួមសហការជាមួយអាល្លឺម៉ង់ ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលសម្លឹងទៅរកអនាគត និងជំរុញទំនាក់ទំនង រវាងចិននិងអាល្លឺម៉ង់ ក៏ដូចជាទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប ឱ្យទទួលបានការអភិវឌ្ឍថ្មី។ ជាការឆ្លើយតប លោក Olaf Scholz បានលើកឡើងថា អាល្លឺម៉ង់រីករាយបង្កើនការស្វែងយល់និងការកសាងទំនុកចិត្ត លើគ្នាទៅវិញទៅមកជាមួយ ប្រទេសចិនដើម្បីខិតខំលំនឹង ពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងរវាងអាល្លឺម៉ង់និងចិន។

លោក Olaf Scholz គឺជាមេដឹកនាំអឺរ៉ុបដំបូងគេបង្អស់ ដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសចិនរបស់លោក បន្ទាប់ពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីអាល្លឺម៉ង់ផងដែរ។ ឆ្នាំនេះគាប់ជួនជាខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងអាល្លឺម៉ង់។ ពេលរំលឹកឡើងវិញពីដំណើរប្រាស្រ័យទាក់ទង រវាងចិននិងអាល្លឺម៉ង់ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា «ឱ្យតែប្រទេសទាំងពីរប្រកាន់ខ្ជាប់ នូវគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុក គំនិតមិនស្របគ្នា បង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នា ព្រមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នោះ ទិសដៅទូទៅនៃទំនាក់ទំនងទ្វេភាគីក៏នឹងមិនឃ្លាតឆ្ងាយពីផ្លូវត្រឹមត្រូវនោះទេ ហើយការបោះជំហានទៅរកអនាគត នឹងកាន់តែស្ថិរភាពផងដែ»។ នេះក៏ជាខ្លឹមសារសំខាន់នៃទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ ពោលគឺ ដើរកាន់តែឆ្ងាយកាន់តែរឹងមាំ។

ចិននិងអាល្លឺម៉ង់មានភាពខុសប្លែកគ្នា ផែ្នកប្រព័ន្ធនយោបាយនិងផ្លូវអភិវឌ្ឍន៍ ហើយប្រទេសទាំងពីរមិនអាចជៀសវាង ពីការខ្វែងគំនិតគ្នាក្នុងបញ្ហាមួយចំនួន ដែលបណ្តាលឱ្យមានការរំខានដល់ ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ។ តើទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់សម្លឹងមើលទៅអនាគតយ៉ាងណា? លោកប្រធានរដ្ឋចិន Xi Jinping បានសង្កត់ធ្ងន់ថា ចិននិងអាល្លឺម៉ង់គួរតែគោរពគ្នាទៅវិញទៅមក យោគយល់ពីផលប្រយោជន៍ជាស្នូលរៀងៗខ្លួន ក៏ដូចជាប្រកាន់ខ្ជាប់កិច្ចសន្ទនា និងការពិគ្រោះពិភាក្សានិងរួមគ្នាទប់ទល់នឹងការរំខាននៃកត្តាមួយចំនួន ដូចជាការបដិបក្ខគ្នាជាក្រុមនិងគំនិតលំអៀង ខាងមនោគមវិជ្ជាជាដើម។

សូមបញ្ជាក់ថា ចាប់តាំងពីចិននិងអាល្លឺម៉ង់ បានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៥០ ឆ្នាំមក កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជា «យុថ្កា» សម្រាប់លំនឹងទំនាក់ទំនងទ្វេភាគី។ តាមស្ថិតិឱ្យដឹងថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់អាល្លឺម៉ង់ក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ឯអាល្លឺម៉ង់បានក្លាយជាដៃគូពាណិជ្ជកម្ម នៅអឺរ៉ុបធំបំផុតរបស់ចិនក្នុងរយៈពេល ៤៧ ឆ្នាំជាប់ៗគ្នា។ ប្រព័ន្ធសារព័ត៌មានបរទេសបានចាប់អារម្មណ៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ មានសហគ្រាសយក្សអាល្លឺម៉ង់ចំនួន ១២ សហគ្រាសបានអមដំណើរលោក Olaf Scholz ទៅកាន់ប្រទេសចិន ពួកគេគឺជាតំណាងសហគ្រាសអាល្លឺម៉ង់ជាង ១០០ ដែលបានដាក់ពាក្យស្នើសុំ ដែលបានគ្របដណ្តប់មុខរបរជាច្រើន ដូចជាផលិតកម្ម គីមី ឱសថនិងម្ហូបអាហារជាដើម។ ប្រការនេះបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង​របស់អាល្លឺម៉ង់ចំពោះទីផ្សារចិននិងឱកាសចិន។

ថ្លែងក្នុងកិច្ចជំនួបលើកនេះ លោក Olaf Scholz បានរំលឹកឡើងវិញថា អាល្លឺម៉ង់គាំទ្រយ៉ាងមុតមាំដល់ ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម គាំទ្រយ៉ាងមុតមាំដល់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច និងប្រឆាំងនឹង «ការផ្តាច់ទំនាក់ទំនង» ជាមួយប្រទេសចិន ហើយរីករាយបន្តធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាមួយប្រទេសចិនព្រមទាំងគាំទ្រឱ្យសហគ្រាស នៃប្រទេសទាំងពីរទៅកាន់ប្រទេសគូភាគី ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការនិងវិនិយោគ។

បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញនិងប្រែប្រួលយ៉ាងខ្លាំង។ ក្នុងនាមជាប្រទេសធំទាំងពីរ ដែលមានឥទ្ធិពលខ្លាំងនៅលើពិភពលោក ចិននិងអាល្លឺម៉ង់គួរតែពួតដៃគ្នា ធ្វើកិច្ចសហប្រតិបត្តិការក្រោមសភាពការណ៍ ដែលមានបម្រែបម្រួលនិងភាពវឹកវរដើម្បីរួមចំណែក កាន់តែច្រើនដល់ការរក្សាសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន