(ប៉េកាំង)៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បានសម្ពោធបើកនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ ក្រុងសៀងហៃតាមពេលកំណត់។ ក្នុងនាមជាពិព៍រណ៍ថ្នាក់ជាតិខ្នាតធំលើកដំបូងបង្អស់ នៅលើពិភពលោកដែលធ្វើឡើង ក្រោមប្រធានបទស្តីពីការនាំចូល ចាប់តាំងពីពិព័រណ៍នាំចូលចិនអន្តរជាតិ បានបង្កើតឡើងមក ក៏ទទួលបានការយកចិត្តទុកដាក់ យ៉ាងខ្លាំងពីសំណាក់ពិភពលោក។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ សមត្ថភាពប្រើប្រាស់ដ៏ខ្លាំងក្លានៃទីផ្សាររបស់ចិន បាននិងកំពុងធ្វើឱ្យពាណិជ្ជករមកពីប្រទេសនានា កោតស្ងប់ស្ងែងជាប់មិនដាច់ ហើយកម្លាំងទាក់ទាញសហគ្រាស នៅលើពិភពលោកទាំងមូល របស់ខ្លួនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

នៅទីក្រុងកាប៊ុល រដ្ឋធានីប្រទេសអាហ្វហ្កានីស្ថាន នាពេលថ្មីៗកន្លងទៅនេះ ថៅកែរោងចក្រមួយឈ្មោះ Hakazad មានការអន្ទះអន្ទែងខ្លាំង ហេតុនេះហើយ គាត់បានទាក់ទងជាមួយដៃគូសហប្រតិបត្តិការរបស់ខ្លួន នៅទីក្រុងសៀងហៃដែលស្ថិតនៅទីឆ្ងាយជាញឹកញាប់ គាត់រំពឹងថា នឹងដាក់លក់ផលិតផលរបស់ខ្លួនក្នុងទីផ្សាររបស់ចិន ដោយពឹងផ្អែកទៅលើឱកាសនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ពីព្រោះប្រការនេះនឹងសម្រេចអនាគតនិងជោគវាសនារោងចក្ររបស់គាត់។

រោងចក្រនេះដែលបានធ្វើអាជីវកម្មដោយ លោក Hakazad សំខាន់គឺផលិតវត្ថុសិប្បកម្មប្រពៃណីមួយប្រភេទ របស់អាហ្វហ្កានីស្ថានដែលមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងភាពវឹកវរខាងនយោបាយក្នុងប្រទេសអាហ្វហ្កានីស្ថាន បានជាបណ្តាលឱ្យអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំង។

យ៉ាងណាមិញ អ្នកដែលនាំមកនូវក្តីសង្ឃឹមដល់លោក Hakazad គឺពាណិជ្ជករវ័យក្មេងម្នាក់ឈ្មោះ Ali។ យុវជនអាហ្វហ្កានីស្ថានម្នាក់នេះបានរស់នៅ និងធ្វើជំនួញនៅប្រទេសចិនក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងមក។ កាលពីឆ្នាំ ២០២១ ដោយមកពីបានលក់កម្រាលព្រំនៅពិព័រណ៍នាំចូលចិនអន្តរជាតិ គាត់បានក្លាយជា «អ្នកល្បីតាមបណ្តាញអ៊ីនធឺណែត»។ លោក Ali បាននិយាយថា ប្រសិនបើផលិតផលមានទីផ្សារ នោះ រោងចក្រនេះនឹងមានសង្ឃឹមហើយបើប្រៀបធៀបនឹងកាលពីមុន ហើយកម្មករទាំងឡាយក៏អាចត្រឡប់ចូលធ្វើការជាថ្មីឡើងវិញផងដែរ។ អ្វីដែលកាន់តែសំខាន់ជាងទៀត គឺ សិក្បកម្មដ៏ប្រណីត ដែលបានបន្តវេនរាប់ពាន់ឆ្នាំមកហើយនេះ ក៏ត្រូវបានរំពឹងថា នឹងបន្តផ្សព្វផ្សាយតទៅទៀត។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ពិព័រណ៍នាំចូលចិនអន្តរជាតិ បានកែប្រែគន្លងជីវិតរបស់មនុស្សដ៏ច្រើនរាប់មិនអស់ ហើយបាននាំមកនូវឱកាសនិងក្តីសង្ឃឹមដល់ពួកគេ។ បន្ទាប់ពីស្តាប់រឿងរ៉ាវរបស់លោក Hakazad លោកអ្នកប្រហែលនឹងដឹងច្បាស់ថា ហេតុអ្វីបានជាព្រឹត្តិការណ៍អន្តរជាតិដ៏ឱឡារិកនេះញ៉ាំងឱ្យ ពិភពលោកពោរពេញទៅដោយការរំពឹងទុក។

តាមពិតទៅ ជំនឿចិត្តរបស់លោក Ali គឺមិនមែនគ្មានភស្តុងតាងអ្វីទាល់តែសោះ។ មិនថា ស្រាបៀរនិងកាហ្វេរបស់ប្រទេសអង់ហ្គោឡា កម្រាលព្រំសិប្បកម្មនិងគ្រាប់ pine nuts របស់អាហ្វហ្កានីស្ថានឬមួយក៏សាប៊ូបុរាណ និងប្រេងផ្កាកុលាបក្រុងដាម៉ាសរបស់ស៊ីរីក្តី ផលិតផលប្រកបដោយលក្ខណៈពិសេសដែលមានគុណភាពខ្ពស់ និងតម្លៃថោកទាំងនេះបានចូលក្នុងទីផ្សារធំរបស់ចិន ដែលមានចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់តាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ។ ប្រការនេះនឹងជួយ ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺប្រទេសមិនរីកលូតលាស់បំផុត ឱ្យដោះស្រាយបញ្ហាលំបាកក្នុងការអភិវឌ្ឍពាណិជ្ជកម្ម ហើយឆ្លងតាមរយៈការអភិវឌ្ឍ យ៉ាងឆាប់រហ័សរបស់ប្រទេសចិនអាចចែករំលែក នូវកាលានុវត្តភាពអភិវឌ្ឍន៍ក្នុងការធ្វើ សកលភាពវូបនីយកម្មផងដែរ។

តាមការផ្សាយដំណឹងឱ្យដឹងថា ប្រទេសកម្ពុជាបានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ ៤ លើកជាប់ៗគ្នា ដែលបានធ្វើឱ្យផលិតផលកម្ពុជា ប្រកបដោយគុណភាពល្អជាច្រើនដាក់លក់ ក្នុងទីផ្សារចិននិងសកល ក្នុងនោះ កសិផលពិសេសកម្ពុជា ដូចជា អង្ករផ្កាម្លិះនិងផ្លែស្វាយ ជាដើមបានដាក់លក់ក្នុងទីផ្សារចិនរួចជាស្រេចដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកប្រើប្រាស់របស់ចិន។ កាលពីខែតុលា ឆ្នាំនេះ ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនបានបើកធ្វើ នៅក្រុងភ្នំពេញ រាជធានីកម្ពុជា ផ្លែមៀនបានក្លាយជាផ្លែឈើស្រស់ របស់កម្ពុជាប្រភេទទីបីដែលអាចនាំចេញទៅកាន់ ប្រទេសចិនដោយផ្ទាល់បន្ទាប់ពីចេកនិងស្វាយ នេះគឺជាលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ។ រំពឹងថា សហគ្រាសកម្ពុជាកាន់តែច្រើនឡើងៗ នឹងធ្វើឱ្យផលិតផលពិសេសកម្ពុជាប្រកបដោយគុណភាពល្អ ដាក់លក់ក្នុងទីផ្សាររបស់ចិន តាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ។

បើត្រឡប់ទៅខែវិច្ឆិកា ឆ្នាំ ២០១៨ វិញ ខណៈពេលវិធានការគាំពារនិយមខាងពាណិជ្ជកម្ម ត្រូវគេឃោសនាបំប៉ោងយ៉ាងគឃ្លើន ប្រទេសចិនបែរជាបានពង្រីកការបើកទូលាយយ៉ាងមុតមាំ និងបង្កើតជាវេទិកាដ៏ធំធេងមួយសម្រាប់ឱ្យ ទំនិញសកលចូលលក់ ក្នុងទីផ្សាររបស់ចិន។ លោក Owen Messick អគ្គនាយកប្រចាំនៅតំបន់ប្រទេសចិន នៃក្រុមហ៊ុន dōTERRA ដែលជាសហគ្រាសថែទាំសុខភាព ដោយក្លិនក្រអូបនិងប្រេងក្រអូបធំជាងគេមួយ នៅទូទាំងពិភពលោកនៅតែចងចាំយ៉ាងច្បាស់ ចំពោះបទពិសោធន៍ជីវិតរបស់ខ្លួននៅកាលនោះ។

នៅពេលនោះ ដោយសារកាន់អាកប្បកិរិយាចង់ផ្សងសំណាង លោកក៏បានដាក់ពាក្យស្នើសុំស្តង់ តាំងពិព័រណ៍តូចមួយដែលមានទំហំតែ ៩ ម៉ែត្រការ៉េក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីមួយ។ លោកនឹកស្មានមិនដល់ថា វាគ្រាន់តែជាការផ្សងសំណាងប៉ុណ្ណោះ តែក៏បានស្វែងរកប្រាក់ចំណេញ យ៉ាងច្រើនសន្ធឹកសម្រាប់ក្រុមហ៊ុន។ លោក Owen Messick បានថ្លែងថា «ពេលនោះ ពួកយើងគ្រាន់តែជាក្រុមហ៊ុនតូចមួយប៉ុណ្ណោះ តែប្រទេសចិនបានផ្តល់ឱកាសជាច្រើន សម្រាប់ឱ្យពួកយើងទទួលការអភិវឌ្ឍនៅទីនេះ ពីព្រោះប្រទេសចិនមានទីផ្សារដ៏ធំធេង»

ប្រទេសចិនបច្ចុប្បន្ន កំពុងជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ដែលមិនធ្លាប់មានកាលពីមុនជាមួយពិភពលោក ទំហំពាណិជ្ជកម្មទំនិញបានកើនឡើង ១៤,៧ ទ្រីលានយាន់ប្រាក់ចិន បើប្រៀបធៀបនឹងរយៈពេល ១០ ឆ្នាំមុន ចំណែកឯកូតាទីផ្សារអន្តរជាតិ បានកើនឡើងដល់ ១៣,៥ ភាគរយ ក៏ដូចជាបានតភ្ជាប់គ្នាឱ្យបានកាន់តែស៊ីជម្រៅ ជាមួយខ្សែសង្វាក់ផ្គត់ផ្គង់សកល គិតជាមធ្យម ក្នុងមួយនាទី ក៏មានទំនិញក្នុងតម្លៃ ៧០ លាន ៣ សែន ៤ ម៉ឺន ៩ ពាន់យាន់ប្រាក់ចិនបាននាំចេញពីប្រទេសចិនទៅកាន់ពិភពលោក ឬនាំចូលទៅកាន់ប្រទេសចិន។ ប្រទេសចិនបច្ចុប្បន្ន មិនត្រឹមតែត្រូវគេប្រៀបប្រដូចជា «រោងចក្រពិភពលោក» ប៉ុណ្ណោះទេ ថែមទាំងក៏ជា «ទីផ្សារពិភពលោក» ដែលទទួលប្រជាប្រិយភាពពីប្រទេសនានាផងដែរ។

ក្នុងបរិបទដែលគាំពារនិយមខាងពាណិជ្ជកម្ម និងគំនិតផ្ទុយពីការធ្វើសកលភាវូបនីយកម្ម បានកើនឡើង ការបោះជំហានទៅមុខរបស់ប្រទេសចិន ក្នុងការជំរុញការបើកទូលាយចំពោះក្រៅប្រទេស ប្រកបដោយកម្រិតខ្ពស់ នឹងដំណើរការមិនចេះឈប់ជាដរាប។ ពិព័រណ៍នាំចូលចិនអន្តរជាតិ ដែលមានភាពកាន់តែល្អប្រសើរ ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នាបាននិងកំពុងអនុវត្តតាមពាក្យសន្យា ស្តីពីការគាំទ្រយ៉ាងមុតមាំដល់ការធ្វើ សកលភាវូបនីយកម្មសេដ្ឋកិច្ច តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ក៏ដូចជាបង្ហាញពីកាបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់ចិន ក្នុងការពង្រីកការបើកទូលាយចំពោះ ក្រៅប្រទេសដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មី ដល់សេដ្ឋកិច្ចពិភពលោកនិងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនរបស់ប្រទេសនានាយ៉ាងប្រាកដប្រជា៕

វិទ្យុមិត្តភាពកម្ពុជាចិន