(ប៉េកាំង)៖ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋបានអញ្ជើញចូលរួមពិធីបើក មហាសនិ្នបាតភាគីហត្ថលេខីនៃ «អនុសញ្ញាស្តីពីតំបន់ដីសើម» លើកទី ១៤ នៅទីក្រុង Wuhan តាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថាក្រោមចំណងជើងថា «ស្រឡាញ់ថែទាំដីសើម ការពារអនាគត ជំរុញប្រតិបត្តិការសកលក្នុងការអភិរក្សតំបន់ដីសើម»

ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានបញ្ជាក់ថា តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមដែនទឹក អរិយធម៌បានកើតមកដោយទឹក ហើយផលិតកម្ម និងជីវភាពរស់នៅរបស់មនុស្សគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដីសើម។ យើងត្រូវបង្កើនការយល់ដឹងយ៉ាងស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាជំរុញប្រតិបត្តិការសកលក្នុងការអភិរក្សដីសើម។

លោក Xi Jinping បានបន្តថា ប្រទេសចិនទទួលបានសមិទ្ធផល ជាប្រវត្តិសាស្ត្រក្នុងការអភិរក្សតំបន់ដីសើម ដោយបានបង្កើតប្រព័ន្ធអភិរក្សនិងដាក់ចេញ «ច្បាប់អភិរក្សតំបន់ដីសើម»។ ប្រទេសចិននឹងកសាងទំនើបកម្ម​ ដែលមានសុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃកិច្ចអភិរក្សតំបន់ដីសើម ។ ក្រៅពីនេះ ប្រទេសចិននឹងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើត «មជ្ឈមណ្ឌលព្រៃកោងកាងអន្តរជាតិ» នៅទីក្រុង Shenzhen និងគាំទ្រដល់ការរៀបចំវេទិកាឆ្នេរសមុទ្រសកល។ ចូរឱ្យយើងរួមគ្នាខិតខំប្រឹងប្រែងដើម្បីចារទំព័រថ្មី ក្នុងការអភិរក្សដីសើមលើសកលលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន