(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាថ្ងៃចន្ទនេះ បានចេញមុខរាយការណ៍ថា យោធាកូរ៉េខាងជើងនឹងបន្តធ្វើសកម្មភាព ឆ្លើយតបដោយភាពម៉ឺងម៉ាត់និងខ្លាំងក្លាជានិច្ច ចំពោះសមយុទ្ធយោធានានារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាម KCNA យោធាកូរ៉េខាងជើងបានព្រមានដូច្នេះថា «កងកម្លាំងកូរ៉េខាងជើង នឹងបន្តឆ្លើយតបចំពោះសមយុទ្ធត្រៀមធ្វើសង្រ្គាម របស់សត្រូវប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ជាមួយសកម្មភាពយោធាជាក់ស្តែង ដែលមានភាពម៉ឺងម៉ាត់និងខ្លាំងក្លាលើសលប់ជានិច្ច។ ដរាបណាសត្រូវរបស់យើង នៅតែធ្វើសកម្មភាពយោធាបង្កហេតុផ្សេងៗ នោះពួកយើងក៏នឹងនៅតែបន្តឆ្លើយតបទៅកាន់ពួកគេវិញ ដោយគ្មានខ្លាចរអាអ្វីដែរ»។
យោធាកូរ៉េខាងជើង បានសង្កត់ធ្ងន់ទៀតថា ការធ្វើតេស្តបាញ់មីស៉ីលជាបន្តបន្ទាប់ កាលពីសប្តាហ៍កន្លងទៅ គឺជាចម្លើយយ៉ាងច្បាស់មួយ ចំពោះសមយុទ្ធយោធារួមគ្នា រវាងកូរ៉េខាងត្បូងនិងអាមេរិក នាពេលនោះ។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន KCNA ក៏បានបញ្ចេញរូបភាពមួយចំនួន បង្ហាញពីទិដ្ឋភាពនៃការបាញ់មីស៉ីលចម្រុះប្រភេទ របស់កូរ៉េខាងជើង កាលពីចន្លោះថ្ងៃទី២-៥ ខែវិច្ឆិកាផងដែរ។
គួរបញ្ជាក់ថា យន្តហោះយោធាកូរ៉េខាងត្បូងនិងអាមេរិក សរុបប្រមាណជា២៤០គ្រឿង ក្នុងនោះរួមមានទាំងយន្តហោះចម្បាំង F-35 និងយន្តហោះទម្លាក់គ្រាប់បែក B-1B បានចូលរួមក្នុងសមយុទ្ធទ័ពអាកាសធំបំផុត មិនធ្លាប់មានរបស់សម្ព័ន្ធមិត្តទាំងពីរ ហៅថា វីជីលែន ស្តូម (Vigilant Storm) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ដល់ថ្ងៃទី៥ ខែវិច្ឆិកា។ សមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូងនិងអាមេរិក តែងតែទទួលរងការបញ្ចេញប្រតិកម្មខ្លាំងៗជានិច្ច ពីសំណាក់ទីក្រុងព្យុងយ៉ាង ដែលចាត់ទុកពួកវាថាជា ការហាត់សមដើម្បីឈ្លានពានខ្លួន៕