(ម៉ានីឡា)៖ ក្រុមមន្ត្រីបាននិយាយថា គ្រាប់បែកផលិតក្នុងស្រុកមួយ ត្រូវបានបំផ្ទុះនៅលើឡានក្រុង ដោយបានសម្លាប់អ្នកដំណើរម្នាក់ និងរបួស ១០នាក់ទៀត នៅក្នុងទីក្រុងភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារមួយដែលអាជ្ញាធរសង្ស័យថាអាចជាផ្នែកនៃការប៉ុនប៉ងជំរិត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ប៉ូលីសបាននិយាយថា រថយន្តក្រុងដែលមានចំនួនអ្នកដំណើរមិនជាក់លាក់ បានធ្វើដំណើជិតដល់ស្ថានីយដឹកជញ្ជូនក្នុងទីក្រុង Tacurong ក្នុងខេត្ត Sultan Kudarat នៅពេលដែលគ្រាប់បែកបានផ្ទុះនៅខាងក្រោយរថយន្ត នៅមុនថ្ងៃត្រង់។

មន្ត្រីយោធា និងប៉ូលីសបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់ថា តើអ្នកវាយប្រហារមកពីក្រុមប្រដាប់អាវុធដូចគ្នា ដែលបានរៀបចំការបំផ្ទុះគ្រាប់បែកស្រដៀងគ្នាកាលពីប៉ុន្មានឆ្នាំមុន ដើម្បីជំរិតយកលុយពីក្រុមហ៊ុនឡានក្រុង ដែលប្រតិបត្តិការនៅទីក្រុងសំខាន់ៗភាគខាងត្បូងប្រទេស ឬយ៉ាងណា។

មេបញ្ជាការកងទ័ពភូមិភាគ ឧត្តមសេនីយ Roy Galido បាននិយាយថា ក្រុមហ៊ុនរថយន្តក្រុង «បានទទួលសារជំរិតទារឥតឈប់ឈរ»។ លោកបានបន្តថា យោធា និងប៉ូលីសបាននឹងកំពុងធ្វើការជាមួយម្ចាស់រថយន្តក្រុង ដើម្បីចាប់ខ្លួនអ្នកជំរិតទារប្រាក់ ដែលប្រហែលជាមានការខឹងសម្បារ ចំពោះការបដិសេធរបស់ក្រុមហ៊ុនរថយន្តក្រុងមិនព្រមផ្តល់ជូន៕