(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីកែនពលរដ្ឋដែលត្រូវបានផ្ដន្ទទោសពីបទឧក្រិដ្ឋសម្លាប់មនុស្ស ប្លន់ ជួញដូរ គ្រឿងញៀន និងបទល្មើសធ្ងន់ធ្ងរដទៃទៀត មានចែងនៅក្រោមក្រមព្រហ្មទណ្ឌសហព័ន្ធរុស្ស៉ី ឱ្យចូលបម្រើការក្នុងវិស័យយោធា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី មុនការចុះហត្ថលេខារបស់លោក ពូទីន ជនដែលបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរដូចបានរៀបរាប់ខាងលើ គឺត្រូវបានហាមឃាត់មិនឱ្យចូល បម្រើការងារក្នុងជួរកងទ័ពឡើយ។ បន្ថែមពីលើនេះ ឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសផ្លូវភេទប្រឆាំងអនីតិជន ជនក្បត់ ចារកម្ម ឬភេរវកម្ម ត្រូវបានលើកលែងពីច្បាប់ ខាងលើ ខណៈអ្នកដែលត្រូវបានផ្ដន្ទាទោសពីបទប៉ុនប៉ងធ្វើឃាតមន្ត្រីរដ្ឋាភិបាលរុស្ស៉ី ចោរប្លន់យន្ដហោះ និងជ្រុលនិយម ក៏មិនត្រូវបានរាប់បញ្ចូលក្នុងច្បាប់នេះដែរ។

គួរបញ្ជាក់ថា បើតាមលោក ពូទីន គិតត្រឹមថ្ងៃសុក្រកន្លងទៅនេះ រុស្ស៉ីបានកែនកងទ័ពបន្ថែមបាន ១៨,០០០នាក់ ដែលនេះធ្វើឱ្យចំនួនកងទ័ពត្រូវបានកែនកើនដល់ ៣១៨,០០០នាក់ សម្រាប់បញ្ជូនទៅប្រយុទ្ធនៅអ៊ុយក្រែន៕