(ឌូបៃ)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi ) បាននិយាយថាទីក្រុងជាច្រើនរបស់អ៉ីរ៉ង់ មានសុវត្ថិភាព បន្ទាប់ពីការទប់ស្កាត់បានដោយ ជោគជ័យនូវចេតនាបង្កបដិវត្តន៍អារ៉ាប់កាលពីឆ្នាំ២០១១​ នៅក្នុងប្រទេសអ៉ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមរយៈការស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសុក្រកន្លងទៅនេះ លោក រ៉ៃស៊ី បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក និងសត្រូវដទៃ បានព្យាយាម បង្កអស្ថិរភាពនៅក្នុងប្រទេសអ៉ីរ៉ង់ ដោយការអនុវត្តផែនការដូចគ្នាដែលធ្លាប់បានធ្វើនៅស៊ីរី និងលីប៊ី ប៉ុន្តែពួកគេបានបរាជ័យ»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក រ៉ៃស៊ី កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ក្រុមអ្នកគាំទ្ររបស់លោកថា «យើងនឹងរំដោះប្រទេសអ៉ីរ៉ង់» បន្ទាប់ពីពួកគេហាក់បាននាំគ្នាអំពាវនាវឱ្យរូបលោក និយាយពាក់ព័ន្ធអំពីស្ថានការណ៍បាតុកម្ម បានផ្ទុះឡើងនៅអ៉ីរ៉ង់ ចាប់តាំងពីមានករណីនារីវ័យក្មេងម្នាក់បាត់បង់ជីវិត កំលុងការឃុំឃាំងរបស់កងកម្លាំងសន្តិសុខអ៉ីរ៉ង់។ ប៉ុន្តែមិនបានបកស្រាយលម្អិតអ្វីនោះទេ។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ មានបាតុករ ៣១៤នាក់ បានស្លាប់នៅក្នុងការបង្រ្កាបរបស់កងកម្លាំងសន្តិសុខអ៉ីរ៉ង់ ហើយក្នុងនោះកងកម្លាំងសន្តិសុខ ៣៨នាក់ក៏បាន បាត់បង់ជីវិតផងដែរ ខណៈមនុស្ស ១៤,១៧០នាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីបាតុកម្មបានផ្ទុះឡើងនៅអ៉ីរ៉ង់ ក្រោយការស្លាប់របស់ស្ត្រីម្នាក់ឈ្មោះ ម៉ាស្សា អាមីនី (Mahsa Amina)៕