(វ៉ាស៊ីនតោន)៖ រថភ្លើងមួយគ្រឿង បានធ្វើដំណើរចាកចេញពីកូរ៉េខាងជើង ឆ្លងដែនចូលទឹកដីរុស្ស៉ីកាលពីថ្ងៃសុក្រសប្ដាហ៍នេះ តែ ២ថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បាននិយាយថាខ្លួនមានព័ត៌មានអាចបញ្ជាក់បានថាទីក្រុងព្យុងយ៉ាង បានលួចលាក់ផ្គត់ផ្គង់គ្រាប់កាំភ្លើងធំឱ្យទីក្រុងមូស្គូ សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើ តាមវិទ្យាស្ថានមួយរបស់សហរដ្ឋអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។

វិទ្យាស្ថាន 38 North ដែលជំនាញខាងតាមដានស្ថានការណ៍កូរ៉េខាងជើង បានឱ្យដឹងថានេះគឺជាលើកដំបូងបំផុតដែលរថភ្លើងធ្វើដំណើរចេញពីកូរ៉េខាងជើង ចូល ទឹកដីរុស្ស៉ី ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ វិទ្យាស្ថាននេះដដែលបានគូសបញ្ជាក់ដូច្នេះថា «វាមិនអាចទៅរួចឡើយ ក្នុងការកំណត់គោលដៅដំណើររបស់ រថភ្លើងចេញពីរូបភាព ប៉ុន្តែការឆ្លងដែននេះកើតមានឡើងចំពេលមានសេចក្ដីរាយការណ៍ការលក់អាវុធពីកូរ៉េខាងជើងឱ្យរុស្ស៉ី និងការសង្ស័យពីការចាប់ផ្ដើម ដំណើរការពាណិជ្ជកម្មឡើងវិញរវាងប្រទេសទាំង២»

ក៏ប៉ុន្តែ ខាងភាគីរុស្ស៉ី បានអះអាងថារថភ្លើងកូរ៉េខាងជើងដែលបានឆ្លងព្រំដែននោះ គឺដើម្បីដឹកសត្វសេះតែប៉ុណ្ណោះ។ កូរ៉េខាងជើងបានបិទព្រំដែនជាមួយរុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយសារកូវីដ១៩៕