(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់ថាអ៉ីរ៉ង់បាននិយាយកុហក បន្ទាប់ពីទីក្រុងតេហេរ៉ង់ទទួល ស្គាល់ជាលើកដំបូងថាខ្លួនពិតជាបានលក់យន្ដហោះដ្រូនឱ្យរុស្ស៉ី ប្រាកដមែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ទោះជាបីជាសារភាព ក៏ដោយ ក៏ពួកគេនៅតែនិយាយកុហកដដែល។ ចំនួនយន្ដហោះដ្រូនអ៉ីរ៉ង់ ដែលត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស អ៊ុយក្រែន គឺវាមានចំនួនច្រើនជាងយន្ដហោះដ្រូនដែលអ៉ីរ៉ង់បានអះអាង ហើយលើសពីការកុហកនេះ សហគមន៍អន្តរជាតិបានដឹង យ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការភេរវកម្មរវាងរបបដឹកនាំរុស្ស៉ី និងអ៉ីរ៉ង់»

គួរបញ្ជាក់ថា អ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានទទួលស្គាល់ជាលើកដំបូងថា ខ្លួនពិតជាបានផ្គត់ផ្គង់យន្តហោះដ្រូនឱ្យរុស្ស៉ីមែន ប៉ុន្តែវាបានកើតឡើង តាំងពីមុនសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែនមកម្ល៉េះ។

រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូស្សេន អាមីរ៉ាបដូឡាហ៉ីយ៉ាន (Hossein Amirabdollahian) បានលើកឡើងថា ដ្រូន «ក្នុងចំនួនតូចមួយ» ត្រូវបានផ្គត់ផ្គង់ឱ្យទៅប្រទេសរុស្ស៉ី នៅប៉ុន្មានខែមុនពេលកងកម្លាំងទីក្រុងមូស្គូ បើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ប្រមុខការទូតអ៉ីរ៉ង់បានបន្តថា ការចោទប្រកាន់របស់ក្រុមប្រទេសលោកខាងលិច ដែលថាទីក្រុងតេហេរ៉ង់បានផ្តល់មីស៉ីលនិងដ្រូនឱ្យរុស្ស៉ី ដើម្បីជួយ​សង្រ្គាមនៅអ៊ុយក្រែន គឺត្រូវចំតែពាក់កណ្តាលប៉ុណ្ណោះ ពោលផ្នែកនិយាយអំពីមីស៉ីលគឺខុសទាំងស្រុង។ លោករដ្ឋមន្រ្តីអ៉ីរ៉ង់ ក៏បានប្រកែកផងដែរថា ទីក្រុងតេហេរ៉ង់ មិនបានបន្តផ្គត់ផ្គង់ដ្រូនឱ្យទីក្រុងមូស្គូទៀតឡើយ៕