(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជំរុញឱ្យបណ្ដាប្រទេសពិភពលោក បញ្ឈប់ការសម្លុតគំរាម និងបង្ការការប្រើប្រាស់អាវុធ នុយក្លេអ៊ែរនៅក្នុងតំបន់អឺរ៉ុប ព្រមទាំងអាស៊ី ចំពោះមុខការភ័យខ្លាចក្រែងថារុស្ស៉ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិកនៅអ៊ុយក្រែន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ក្នុងទីក្រុង ប៉េកាំង កាលពីថ្ងៃសុក្រកន្លងទៅនេះ។ ថ្លែងនៅក្នុងសម្រង់សម្ដីមួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ លោក ស៊ី ជិនពីង បានលើកឡើងដូច្នេះថា «សហគមន៍អន្តរជាតិគួរតែ...ចូលរួមប្រឆាំងនឹងការប្រើប្រាស់ ឬការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ ហើយអាវុធ នុយក្លេអ៊ែរមិនគួរត្រូវបានប្រើ រីឯសង្រ្គាមនុយក្លេអ៊ែរក៏មិនត្រូវឱ្យវាផ្ទុះឡើងដែរ ក្នុងគោលដៅបង្ការវិបត្តិនុយក្លេអ៊ែរក្នុងតំបន់អឺរ៉ុប»

គួរបញ្ជាក់ថា នៅក្នុងការអត្ថាធិប្បាយរបស់លោក ស៊ី ជិនពីង មិនមានបញ្ជាក់ឱ្យចំឈ្មោះទៅលើប្រទេសណាមួយដែលសម្លុតគំរាមប្រើអាវុធ នុយក្លេអ៊ែរនោះទេ ប៉ុន្តែពិភពលោកទាំងមូលកំពុងព្រួយបារម្ភជាខ្លាំង ក្រោយលោក ពូទីន គំរាមប្រើអាវុធនុយក្លេអ៊ែរក្នុងសង្រ្គាមអ៊ុយក្រែន៕