(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើសុំជាលក្ខខណៈឯកជនឱ្យមេដឹកនាំអ៊ុយក្រែន បង្ហាញពីសញ្ញាបើកចំហចំពោះកិច្ចចរចាជាមួយរុស្ស៉ី ហើយទម្លាក់ចោលនូវការប្រកាន់គោលការណ៍ដែលថានឹងចូលតុចរចាសន្តិភាព ដរាបណាលោកប្រធានាធិបតី​ វ្ល៉ាឌីមៀ ពូទីន ត្រូវបានបណ្ដេញចេញពីអំណាច។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។

សារព័ត៌មាន Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកជាច្រើនរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ក្រុម មន្ត្រីទាំងនេះបានឱ្យដឹងទៀតថាទីក្រុងវ៉ាស៊ីនតោន បានចែករំលែកនូវការវាយតម្លៃជាមួយអ៊ុយក្រែន ដែលបញ្ជាក់ថាលោក ពូទីន ក្នុងពេលបច្ចុប្បន្នមិនទាន់មានភាពប្រាកដប្រជា លើកិច្ចចរចានោះទេ ប៉ុន្តែបានទទួលស្គាល់ថាការប្រកាន់ជំហរបដិសេធកិច្ចចរចារបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាន និងកំពុងបង្កការព្រួយបារម្ភដល់ប្រទេស អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន ដែលកំពុងប្រឈមមុខនឹងអតិផរណា។

តែទោះជាយ៉ាងណាក៏ដោយ ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ នៅពេលត្រូវបានសាកសួរថាតើសេចក្ដីរាយការណ៍នេះគឺជាការពិតឬក៏យ៉ាងណា ដោយគ្រាន់តែសង្កត់ធ្ងន់ថាគោលជំហររបស់សហរដ្ឋអាមេរិកនៅតែដដែល នោះគឺសកម្មភាពត្រូវដើរមុនពាក្យសម្ដី ដោយប្រសិនបើរុស្ស៉ីពិតជាត្រៀមខ្លួនសម្រាប់កិច្ចចរចា ពិតមែន ទីក្រុងមូស្គូ ត្រូវតែបញ្ឈប់ការទម្លាក់គ្រាប់បែក និងបាញ់មីស៊ីល ព្រមទាំងដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ុយក្រែនជាមុនសិន៕