(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស បាននិយាយនៅថ្ងៃសៅរ៍នេះថា ភស្តុតាងបានបង្ហាញថាមនោគមវិជ្ជាភេរវករស្តាំនិយមជ្រុល បានជំរុញឲ្យមានការវាយប្រហារដោយគ្រាប់បែក លើមជ្ឈមណ្ឌលអន្តោប្រវេសន៍មួយ នៅទីក្រុងកំពង់ផែ ដូវើ (Dover) ភាគខាងត្បូងនៃប្រទេសអង់គ្លេស កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆកា ឆ្នាំ២០២២។

គ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនៅក្នុងឧបទ្ទវហេតុនេះទេ ហើយប៉ូលីសបាននិយាយថា បុរសម្នាក់ឈ្មោះ អាន់ឌ្រូ លីក (Andrew Leak) អាយុ ៦៦ឆ្នាំ ត្រូវបានគេរកឃើញស្លាប់ នៅក្បែរកន្លែងកើតហេតុ ក្រោយធ្វើសកម្មភាពតែម្នាក់ឯង។

ភ័ស្តុតាងបានបង្ហាញថា ជនសង្ស័យត្រូវបានជំរុញដោយការប្រើមនោគមវិជ្ជាស្តាំនិយមជ្រុល ទោះបីជាមានការចង្អុលបង្ហាញថា សុខភាពផ្លូវចិត្តរបស់ជនសង្ស័យ គឺជាកត្តាជំរុញការវាយប្រហារក៏ដោយ។ ហើយការស៊ើបអង្កេតកំពុងបន្ត។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលអន្តោប្រវេសន៍នៃទីក្រុង Dover គឺជាកន្លែងឈប់សំចតដំបូង សម្រាប់មនុស្សរាប់ពាន់នាក់ក្នុងការធ្វើដំណើរដ៏គ្រោះថ្នាក់ ដើម្បីស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអង់គ្លេស៕