(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសគាំទ្រជាសាធារណៈចំពោះការជម្លៀសជនស៊ីវិល ពីផ្នែកខ្លះនៃតំបន់ខឺសុន (Kherson) ភាគខាងត្បូងអ៊ុយក្រែន ជាទីដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាបំផុតរវាងកងទ័ពនៃប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ពូទីន បានប្រាប់សកម្មជនគាំទ្រវិមានក្រឹមឡាំង កំលុងពេលប្រារព្ធទិវាឯកភាពជាតិរបស់រុស្ស៊ី យ៉ាងដូច្នេះថា «ជាការពិតណាស់ អ្នកដែលរស់នៅក្នុងតំបន់ខឺសុន គួរតែត្រូវបានជម្លៀសចេញពីតំបន់ដ៏គ្រោះថ្នាក់បំផុត ពីព្រោះប្រជាជនស៊ីវិលមិនគួររងទុក្ខនោះទេ»

គួរបញ្ជាក់ថា រដ្ឋធានីក្នុងតំបន់ឋឺសុន ស្ថិតនៅច្រាំងខាងលិចមាត់ទន្លេ Dnipro គឺជាទីក្រុងធំតែមួយគត់ដែលរុស្ស៊ីបានកាន់កាប់ដដែល ចាប់តាំងពីការលុកលុយរបស់ខ្លួនកាលពីខែកុម្ភៈ។ ក្នុងសប្តាហ៍នេះ ទីក្រុងមូស្គូ បានបញ្ជូនមនុស្សចេញពីផ្នែកដែលខ្លួនគ្រប់គ្រង ដែលស្ថិតនៅតាមបណ្តោយខាងលិចនៃទន្លេឌីនីប្រូ៕