(តេហេរ៉ង់)៖ នាថ្ងៃសៅរ៍នេះ អ៉ីរ៉ង់បានទទួលស្គាល់ជាលើកដំបូងថា ខ្លួនពិតជាបានផ្គត់ផ្គង់យន្តហោះដ្រូនឱ្យរុស្ស៉ីមែន ប៉ុន្តែវាបានកើតឡើង តាំងពីមុនសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែនមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូស្សេន អាមីរ៉ាបដូឡាហ៉ីយ៉ាន (Hossein Amirabdollahian) បានលើកឡើងថា ដ្រូន «ក្នុងចំនួនតូចមួយ» ត្រូវបានផ្គត់ផ្គង់ឱ្យទៅប្រទេសរុស្ស៉ី នៅប៉ុន្មានខែមុនពេលកងកម្លាំងទីក្រុងមូស្គូ បើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ប្រមុខការទូតអ៉ីរ៉ង់បានបន្តថា ការចោទប្រកាន់របស់ក្រុមប្រទេសលោកខាងលិច ដែលថាទីក្រុងតេហេរ៉ង់បានផ្តល់មីស៉ីលនិងដ្រូនឱ្យរុស្ស៉ី ដើម្បីជួយ​សង្រ្គាមនៅអ៊ុយក្រែន គឺត្រូវចំតែពាក់កណ្តាលប៉ុណ្ណោះ ពោលផ្នែកនិយាយអំពីមីស៉ីលគឺខុសទាំងស្រុង។ លោករដ្ឋមន្រ្តីអ៉ីរ៉ង់ក៏បានប្រកែកផងដែរថា ទីក្រុងតេហេរ៉ង់ មិនបានបន្តផ្គត់ផ្គង់ដ្រូនឱ្យទីក្រុងមូស្គូទៀតឡើយ។

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍កន្លងទៅនេះ អ៊ុយក្រែនបានរាយការណ៍ពីការកើនឡើង នៃការវាយប្រហារដោយដ្រូនប្រឆាំងទៅលើ ហេដ្ឋារចនាសម្ព័ន្ធស៉ីវិលរបស់ខ្លួន ជាពិសេសលើស្ថានីយផលិតក៏ដូចជាបណ្តេញបញ្ជូនថាមពល ខណៈទីក្រុងកៀវអះអាងថា ដ្រូនទាំងនោះគឺជាដ្រូនផលិតដោយអ៉ីរ៉ង់។ ភ្លាមៗនោះ រុស្ស៉ីបានប្រកែកថា កងកម្លាំងខ្លួនមិនបានប្រើប្រាស់ដ្រូនអ៉ីរ៉ង់ វាយប្រហារទៅលើ​អ៊ុយក្រែនឡើយ ហើយអ៉ីរ៉ង់ផ្ទាល់ក៏បានបដិសេធថា មិនបានផ្គត់ផ្គង់ដ្រូនឱ្យទៅទីក្រុងមូស្គូដែរ៕