(សូហ្វីយ៉ា)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សភានៃប្រទេសប៊ុលហ្ការី បានផ្តល់ការអនុម័តយល់ព្រម ចំពោះការទិញយន្តហោះចម្បាំង F-16 ជុំទីពីរចំនួន ៨គ្រឿងបន្ថែមទៀតពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
សំណើសម្រាប់ថវិកាចំនួន ១.៣ពាន់លានដុល្លារអាមេរិក ដើម្បីយកទៅទិញយន្តហោះចម្បាំងខាងលើ ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រចំនួន ១៦២សំឡេង ទល់នឹងសំឡេងជំទាស់៤៩សំឡេង ខណៈសមាជិកសភា១១នាក់ បានធ្វើអនុបវាទ។ យន្តហោះចម្បាំង F-16 ទាំងនោះ ត្រូវគេរំពឹងថា នឹងមកដល់ប៊ុលហ្ការីនៅឆ្នាំ២០២៧។
ប៊ុលហ្ការីបានបញ្ជាទិញយន្តហោះចម្បាំង F-16 ចំនួន៨គ្រឿងដំបូង កាលពីឆ្នាំ២០១៩ ស្របពេលដែលទីក្រុងសូហ្វីយ៉ាព្យាយាមស្វែងរក យន្តហោះចម្បាំងថ្មី ដើម្បីជំនួសយន្តហោះចម្បាំងសម័យសូវៀត MiG-29 ចំនួន១៥គ្រឿងរបស់ខ្លួន និងដើម្បីបង្កើនភាពស៉ីចង្វាក់គ្នាជាមួយស្តង់ដារបស់អង្គការណាតូ (NATO)។
ម៉្យាងវិញទៀត ដោយសារតែសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន ប៊ុលហ្ការីមិនអាចទទួលបាន សេវាកម្មជួសជុលថែទាំ សម្រាប់យន្តហោះចម្បាំង MiG-29 របស់ខ្លួននោះឡើយ។ កាលពីសីហាកន្លងទៅ ប៊ុលហ្ការីក៏បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយប៉ូឡូញ ស្តីពីការជួសជុលថែទាំ MiG-29 របស់ខ្លួន ដើម្បីធ្វើយ៉ាងណារក្សាឱ្យក្រុមយន្តហោះចម្បាំងទាំង១៥គ្រឿងនោះ នៅបន្តធ្វើប្រតិបត្តិការបាន រហូតដល់ចុងឆ្នាំ២០២៣ ដ្បិតសព្វថ្ងៃនៅសល់តែប៉ុន្មានគ្រឿងប៉ុណ្ណោះ ដែលស្ថិតក្នុងស្ថានភាពអាចហោះហើរបាន ដោយសុវត្ថិភាព។
គួរបញ្ជាក់ថា ជាមួយការបញ្ជាទិញជុំទីពីរខាងលើ ប្រទេសតំបន់បាល់កង់មួយនេះ នឹងមានយន្តហោះចម្បាំង F-16 សរុបចំនួន១៦គ្រឿង នាពេលអនាគត។ ប៊ុលហ្ការីរំពឹងថានឹងចាប់ផ្តើមទទួលបាន F-16 ៨គ្រឿង ដែលខ្លួនបានបញ្ជាទិញក្នុងជុំដំបូង នៅខ្ទង់ចុងឆ្នាំ២០២៥៕