(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៉ី បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា​ គ្រោះអគ្គិភ័យសន្ធោសន្ធៅមួយបានផ្តាច់ជីវិតមនុស្ស យ៉ាងហោចណាស់ចំនួន១៥នាក់ នៅបារកម្សាន្តពេលរាត្រីមួយកន្លែង ស្ថិតក្នុងទីក្រុងកូស្ត្រូម៉ា (Kostroma) ភាគខាងលិចប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា អគ្គិភ័យបានចាប់ផ្តើមកាលពីខ្ទង់ម៉ោង២៖០០រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ហើយត្រូវបានពន្លត់ទៅវិញដោយជោគជ័យ នៅវេលាម៉ោងប្រហែល៧៖៣០នាទីព្រឹក។ ជាដំបូង លោក សឺហ្គៃ ស៉ីតនីកូវ (Sergei Sitnikov) ដែលជាអភិបាលតំបន់កូស្រ្តូម៉ា បានឱ្យដឹងថាមនុស្សចំនួន ១៣នាក់បានស្លាប់ ខណៈក្រោយមកផ្នែកសេវាសង្រ្គោះបន្ទាន់បានប្រាប់ថា សាកសពមនុស្ស ២នាក់ផ្សេងទៀត ក៏ត្រូវបានរកឃើញផងដែរ។

គួរបញ្ជាក់ថា មនុស្សប្រមាណជា ២៥០នាក់ ត្រូវបានជម្លៀសចេញពីអគារកើតហេតុ ដែលមានផ្លាកយីហោឈ្មោះថា ប៉ូលីហ្កន (Poligon)។ នៅលើវែបសាយ ហាងប៉ូលីហ្កន បានរៀបរាប់ថា ខ្លួនបម្រើជាភោជនីយដ្ឋាននាពេលថ្ងៃ ខណៈនាពេលយប់ គឺដើរតួជាកន្លែងកម្សាន្តពេល​រាត្រី ពោលគឺដូចបារឬក្លឹបយ៉ាងដូច្នោះ។ ដោយឡែក ការសន្និដ្ឋានជាបឋមបានឱ្យដឹងថា គ្រោះអគ្គិភ័យ ទំនងជាបង្កឡើងដោយសារបុរសស្រវឹងស្រាម្នាក់ បានបាញ់កាំភ្លើង flare gun នៅទីនោះ៕