(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ បានអះអាងថា កូរ៉េខាងជើងទើបបានតេស្តមីស៉ីលបាលីស្ទីគចំនួន៤គ្រាប់ ឆ្ពោះទៅកាន់ផ្ទៃសមុទ្រ ខណៈក្នុងសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានបាញ់មីស៉ីលសរុបរាប់សិបគ្រាប់ ស្របពេលដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ប្រារព្ធសមយុទ្ធយោធាទ័ពអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
យោធាកូរ៉េខាងត្បូង បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ការបាញ់មីស៉ីលខាងលើ ដែលជាប្រភេទមីស៉ីលផ្លោងបាលិស្ទីគរយៈចម្ងាយខ្លី ត្រូវបានប្រទះឃើញធ្វើឡើង ចេញពីស្រុកតុងរីម (Tongrim) នៃខេត្តព្យុងហ្កាងខាងជើង (North Pyongan) នៃប្រទេសកូរ៉េខាងជើង និងមានគោលដៅឆ្ពោះទៅកាន់សមុទ្រលឿង ដែលកូរ៉េខាងត្បូងហៅថា សមុទ្រខាងលិច កាលពីចន្លោះវេលាម៉ោងប្រហែល ១១៖៣២នាទី ទៅ១១-៥៩នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងទីក្រុងសេអ៊ូល)។
គួរបញ្ជាក់ថា ចាប់តាំងពីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ័ពអាកាស Vigilant Storm ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន គឺក្រោមវត្តមានយន្តហោះសរុប ២៤០គ្រឿង កាលពីថ្ងៃចន្ទសប្តាហ៍នេះមក កូរ៉េខាងជើងបានបាញ់មីស៉ីលឥតឈប់ឈរ ដែលទំនងជាកាយវិការបង្ហាញជំហរប្រឆាំងនឹងការធ្វើលំហាត់យោធា រវាងសម្ព័ន្ធមិត្តទាំងពីរ។ សមយុទ្ធយោធា Vigilant Storm នឹងបិទបញ្ចប់ទៅវិញនៅត្រឹមថ្ងៃសៅរ៍នេះ ខណៈក្នុងថ្ងៃចុងក្រោយនេះ ក៏មានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ផងដែរ។