(យូអិន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា រុស្ស៉ីនិងចិនបានខិតខំប្រឹងប្រែងធ្វើគ្រប់បែបយ៉ាង ដើម្បីការពារកូរ៉េខាងជើងពីចំណាត់ការ របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល់បានី អៀរឡង់ និងន័រវែស បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃសុក្រ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់តេស្តមីស៉ីលជាច្រើនគ្រាប់ នៅក្នុងសប្តាហ៍នេះ ក្នុងនោះរួមមានទាំងមីស៉ីលបាលិស្ទីគឆ្លងទ្វីប ICBM ដែលត្រូវយោធាកូរ៉េខាងត្បូង អះអាងថាទទួលបរាជ័យផងដែរ។
កំលុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់-គ្រីនហ្វៀល (Linda Thomas-Greenfield) បាននិយាយដោយសំដៅលើរុស្ស៉ីនិងចិនយ៉ាងដូច្នេះថា «អ្នកគ្មានសិទ្ធិនោះឡើយ ក្នុងការបោះបង់ចោលការទទួលខុសត្រូវរបស់ខ្លួន នៅក្រុមប្រឹក្សាសន្តិសុខ UN ដោយសារតែ ទីក្រុងព្យុងយ៉ាងអាចនឹងលក់អាវុធ ដើម្បីជួយទ្រទ្រង់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ឬក៏ដោយសារតែអ្នកយល់ថា កូរ៉េខាងជើងបម្រើជាប្រទេសទ្រនាប់ដ៏ល្អមួយនៅក្នុងតំបន់ ប្រឆាំងនឹងសហរដ្ឋអាមេរិក»។
ក្រុមអ្នកការទូតនៅ UN បានលើកឡើងថា រុស្ស៉ីនិងចិនទំនងជានឹងមិនយល់ព្រម លើសកម្មភាពណាមួយដ៏ដោយ របស់ក្រុមប្រឹក្សាសន្តិសុខ ជុំវិញការបាញ់សាកល្បងមីស៉ីល មួយរយៈចុងក្រោយនេះដោយកូរ៉េខាងជើង។ តួយ៉ាងកាលពីខែឧសភា ចិននិងរុស្ស៉ីបានវេតូការជំរុញដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មបន្ថែមរបស់ UN ទៅលើកូរ៉េខាងជើង ជុំវិញការធ្វើតេស្តមីស៉ីលបាលិស្ទីគក្នុងឆ្នាំនេះ។ ចំណាត់ការនានារបស់ក្រុមប្រឹក្សាសន្តិសុខ UN ឱ្យមានតែការវេតូពីប្រទេសជាសមាជិកអចិន្រ្តៃយ៍ គឺមិនអាចអនុម័តចេញបានទេ។
គួរបញ្ជាក់ថា ជំនួសមកវិញ ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ បានព្យាយាមជំរុញឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម លើទីក្រុងព្យុងយ៉ាងក្រោមហេតុផលមនុស្សធម៌ និងក្រោមក្តីសង្ឃឹមថា កូរ៉េខាងជើងអាចត្រូវបញ្ចុះបញ្ចូល ឱ្យវិលត្រឡប់មករកការចរចាដោយសន្តិវិធីបាន៕