(សេអ៊ូល)៖ នៅរសៀលថ្ងៃសៅរ៍នេះ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តអាមេរិក១គ្រឿង នឹងចូលរួមហ្វឹកហ្វឺនក្នុងថ្ងៃចុងក្រោយ នៃការធ្វើសមយុទ្ធយោធាទ័ពអាកាសទ្រង់ទ្រាយធំបំផុត រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

កងទ័ពអាកាសកូរ៉េខាងត្បូងបានប្រាប់ឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ចំនួន១គ្រឿង នឹងចូលរួមហ្វឹកហាត់ក្នុងសមយុទ្ធយោធា វីជីលែន ស្តូម (Vigilant Storm)។ សមយុទ្ធនេះបានចាប់ផ្តើមឡើងកាលពីថ្ងៃចន្ទ ហើយត្រូវបានគ្រោងបញ្ចប់ទៅវិញនៅត្រឹមថ្ងៃសុក្រ ប៉ុន្តែត្រូវបានអូសបន្លាយបន្ថែម១ថ្ងៃ គឺមកដល់ថ្ងៃសៅរ៍នេះ ដើម្បីជាការឆ្លើយតបចំពោះ សកម្មភាពបាញ់សាកល្បងមីស៉ីលបន្តបន្ទាប់ ដោយកូរ៉េខាងជើង​ កាលពីប៉ុន្មានថ្ងៃកន្លងទៅ។

គួរបញ្ជាក់ថា វាគឺជាយន្តហោះ B-1B ដំបូងបំផុត ដែលត្រូវបានចល័តឱ្យចូលរួម ក្នុងសមយុទ្ធរវាងកូរ៉េខាងត្បូងនិងអាមេរិក គិតចាប់តាំងពី​ឆ្នាំ២០១៧មក ខណៈសហរដ្ឋអាមេរិក បានរក្សាវត្តមានយន្តហោះទម្លាក់គ្រាប់បែកនេះ ចំនួន៤គ្រឿង នៅមូលដ្ឋានលើកោះហ្កាំ (Guam) ចាប់តាំងពីចុងខែតុលា។ ទីក្រុងសេអ៊ូលបានស្នើឱ្យទីក្រុងវ៉ាស៉ីនតោន បង្កើនការចល័តសព្វាវុធយុទ្ធសាស្រ្តសំខាន់ៗ មកកាន់ឧបទ្វីបកូរ៉េ រួមមាននាវាផ្ទុកយន្តហោះចម្បាំង នាវាមុជទឹកនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដូចជា B-1B ជាដើម៕