(អូស្លូ)៖ រដ្ឋាភិបាលន័រវែស បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងលក់យន្តហោះចម្បាំងធុន F-16 ដែលប្រើប្រាស់រួចចំនួន ៣២គ្រឿង ឱ្យទៅប្រទសរ៉ូម៉ានី ដែលជាសមាជិកអង្គការណាតូ (NATO) ដូចគ្នា ក្នុងតម្លៃ៣៨៨លានអឺរ៉ូ ស្មើនឹង៣៨៥លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការពារជាតិន័រវែសបានឱ្យដឹងថា រ៉ូម៉ានីនឹងទទួលបានយន្តហោះចម្បាំង F-16 ទាំងនោះ នៅចន្លោះឆ្នាំ២០២៣-២០២៤ បន្ទាប់ពីពួកវា ត្រូវបានកែលម្អឡើងវិញរួចរាល់។ នៅក្រោមកិច្ចព្រមព្រៀង ក៏រួមបញ្ចូលទាំងការលក់គ្រឿងបន្លាស់ផ្សេងៗ សេវាកម្មជួលជុលថែទាំ និងការបណ្តុះបណ្តាលក្រុមអ្នកបច្ចេកទេសផងដែរ។

គួរបញ្ជាក់ថា រ៉ូម៉ានីសម្រេចបានកិច្ចព្រមព្រៀងខាងលើ ស្របពេលដែលខ្លួនកំពុងព្យាយាមស្វែងរក យន្តហោះចម្បាំងថ្មីៗ ដើម្បីជំនួស​យន្តហោះចម្បាំង MiG-21 របស់ខ្លួន ដែលបន្សល់ទុកមកតាំងពីសម័យសូវៀត នៅចំពោះមុខសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ក្នុងអ៊ុយក្រែន ដែលជាប្រទេសជិតខាងរបស់ខ្លួន។

គួរបញ្ជាក់ថា ន័រវែសបានបញ្ឈប់ជាស្ថាពរ នូវការប្រើប្រាស់យន្តហោះចម្បាំង F-16 សរុបចំនួន៦៤គ្រឿងរបស់ខ្លួន កាលពីពេលកន្លងទៅនេះ ស្របពេលដែលប្រទេសអឺរ៉ុបមួយនេះ ចាប់ផ្តើមដាក់ពង្រាយយន្តហោះចម្បាំងជំនាន់ថ្មីបំផុត ដែលផលិតដោយសហរដ្ឋអាមេរិកគឺ F-35៕