(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកញ្ចប់ជំនួយផ្នែកសន្តិសុខថ្មីទៀត ទំហំ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន ដែលរួមមានរថក្រោះសម័យសូវៀត T-72 ដែលត្រូវបានកែលម្អបន្ថែម, ប្រព័ន្ធការពារដែនអាកាស ហាក (HAWK) ព្រមទាំងដ្រូន ហ្វីណិច ហ្គោស (Phoenix Ghost)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកស្រី សាប៊្រីណា ស៉ីញ (Sabrina Singh) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក និងនេដឺឡង់ (ហូឡង់) នឹងចែកគ្នាចេញថ្លៃចំណាយ សម្រាប់ការកែលម្អរថក្រោះ T-72 ចំនួន៩០គ្រឿង ខណៈការងារនោះនឹងប្រព្រឹត្តទៅ នៅក្នុងសាធារណរដ្ឋឆែក ហើយរថក្រោះមួយចំនួន នឹងប្រគល់ទៅដល់ដៃអ៊ុយក្រែន មុនដំណាច់ឆ្នាំនេះ។

ក្រៅពីនេះ ក្នុងកញ្ចប់ជំនួយថ្មីខាងលើ អ៊ុយក្រែននឹងទទួលបានដ្រូន ហ្វីណិច ហ្គោស ចំនួន១,១០០គ្រឿងបន្ថែម រួមទាំងកាណូតយោធាចំនួន ៤០គ្រឿង។ មិនតែប៉ុណ្ណោះ អ៊ុយក្រែនក៏នឹងបានប្រព័ន្ធមីស៉ីលការពារដែនអាកាស MIM-23 HAWK ផងដែរ ប៉ុន្តែមិនមានការបញ្ជាក់ថា​ ចំនួនប៉ុន្មានឡើយ។ មីស៉ីលនេះ មានអាយុកាលរាប់ទសវត្សរ៍មកហើយ ប៉ុន្តែបានឆ្លងកាត់ការធ្វើទំនើបកម្មជាច្រើនលើក និងអាចបាញ់​បានចម្ងាយឆ្ងាយជាង ប្រព័ន្ធការពារអាកាសប្រភេទបំពាក់លើស្មា ស្ទីងចឺ (Stinger)។

គួរបញ្ជាក់ថា គិតចាប់តាំងពីរុស្ស៉ី បានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សហរដ្ឋអាមេរិកបានផ្តល់​ជំនួយយោធាគិតជាទឹកប្រាក់សរុបយ៉ាងហោច ១៨ពាន់លានដុល្លារហើយ ដល់ទីក្រុងកៀវ៕