(អ៉ីស្លាម៉ាបាដ)៖ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានចោទប្រកាន់ថា នាយករដ្ឋមន្រ្តីប៉ាគីស្ថានបច្ចុប្បន្ន គឺលោក សេបាស សារីហ្វ (Shehbaz Sharif) មានជាប់ពាក់ព័ន្ធក្នុងផែនការចង់សម្លាប់រូបលោក ខណៈលោក ខាន់ កំពុងបន្តសម្រាកព្យាបាលពីរបួសដោយគ្រាប់កាំភ្លើង ក្រោយទទួលរងការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក អ៉ីមរ៉ាន់ ខាន់ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក សេបាស សារីហ្វ ដែលឡើងកាន់អំណាចជានាយករដ្ឋមន្រ្តី បន្ទាប់ពី​លោកត្រូវបានគេទម្លាក់ពីតំណែង ក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តកាលពីខែមេសា ឆ្នាំនេះ គឺមានជាប់ទាក់ទងក្នុងផែនការធ្វើឃាត ដែលរួមមានទាំងរដ្ឋមន្រ្តីមហាផ្ទៃលោក រ៉ាណា សាណាអ៊ូលឡា (Rana Sanaullah) ហើយនិងមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់។ ខាង​រដ្ឋាភិបាលប៉ាគីស្ថាន បានចេញមុខច្រានចោលរួចហើយថា ខ្លួនមិនមានជាប់ពាក់ព័ន្ធអ្វីឡើយ ហើយបានចោទថា ការវាយប្រហារនោះ កើតឡើងដោយសារខ្មាន់កាំភ្លើង ដែលប្រកាន់ផ្នត់គំនិតសាសនាជ្រុលនិយម។

គួរបញ្ជាក់ថា អតីតមេដឹកនាំប៉ាគីស្ថានវ័យ៧០ឆ្នាំរូបនេះ បានរងការបាញ់ប្រហារកំលុងពេលដែលលោក ជិះលើរថយន្តកុងតឺន័រកែច្នៃមួយគ្រឿង ដើម្បីដឹកនាំក្បួនដង្ហែបាតុកម្ម ដែលមានមនុស្សចូលរួមរាប់ពាន់នាក់ និងបានចាប់ផ្តើមឡើងតាំងតែពីសប្តាហ៍មុន ក្រោមគោលដៅចេញពី​ទីក្រុងឡាហ័រ (Lahore) ឆ្ពោះទៅកាន់រដ្ឋធានីអ៉ីស្លាម៉ាបាដ។ លោក អ៉ីមរ៉ាន់ ខាន់ ក៏បានអះអាងថា​ នឹងបន្តចូលរួមការធ្វើបាតុកម្មឡើងវិញផងដែរ ក្រោយជាសះស្បើយពីរបួស។

ហេតុការណ៍ប៉ុនប៉ងធ្វើឃាតនោះ បានកើតឡើងនៅត្រង់ចំណុច ក្នុងទីក្រុងវ៉ាហ្ស៉ីរ៉ាបាដ (Wazirabad) ដែលស្ថិតនៅចម្ងាយប្រមាណ ១៧០គីឡូម៉ែត្រពីភាគខាងកើតទីក្រុងអ៉ីស្លាម៉ាបាដ ខណៈមនុស្សបុរសម្នាក់បានស្លាប់ និងយ៉ាងហោចមនុស្ស១០នាក់ទៀត បានរងរបួស។ លោក ខាន់ ផ្ទាល់ បានរងរបួសចំជើង រីឯជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ ត្រូវបានប៉ូលិស​ចាប់ខ្លួន៕