(កៀវ)៖ កំលុងទស្សនកិច្ចនៅទីក្រុងកៀវ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន នឹងនៅតែបន្តគ្មានភាពប្រែប្រួល ឬរាថយនោះឡើយ ទោះក្រោយពេល​ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារសប្តាហ៍ក្រោយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ស៊ូលីវ៉ាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរដ្ឋធានីអ៊ុយក្រែនដូច្នេះថា «យើងមានបំណងធានាថា ធនធានជំនួយនឹងនៅតែមាន តាមភាពចាំបាច់។ យើងក៏នឹងធានាដែរថា យើងនឹងទទួលបានការគាំទ្រពីគណបក្សទាំង២ នៅក្នុងសភា ដើម្បីសម្រេចបានរឿងនោះ»។ កន្លងមកនេះ សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន បានអំពាវនាវឱ្យកាត់បន្ថយជំនួយអាមេរិកសម្រាប់អ៊ុយក្រែន ប្រសិនបើបក្សពួកគេ​ឈ្នះការគ្រប់គ្រងសភា ក្នុងការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា។ រីឯកាលពីខែតុលា សមាជិកសភាជាន់ខ្ពស់នៃបក្សសាធារណរដ្ឋ លោក ខេវ៉ិន ម៉ាក់ខាធី (Kevin McCarthy) បាននិយាយថា អាមេរិកមិនគួរចេញ «សែកដែលមិនមានកំណត់ចំនួនទឹកប្រាក់» ឱ្យអ៊ុយក្រែនឡើយ។

យ៉ាងណាមិញ លោកទីប្រឹក្សាសន្តិសុខជាតិអាមេរិក ដែលបានជួបជាមួយប្រធានាធីបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និង​ប្រធានខុទ្ទកាល័យរបស់លោក គឺលោក អាន់ឌ្រី យើម៉ាក់ (Andriy Yermak) បានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប្តេជ្ញារក្សាឱ្យបាននូវកិច្ចសហប្រតិបត្តិការ រវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ទោះនៅក្រោមកាលៈទេសៈបែបណា​ក៏ដោយ ដើម្បីបន្តលំហូរជំនួយសេដ្ឋកិច្ច មនុស្សធម៌ និងសន្តិសុខរបស់អាមេរិកទៅកាន់អ៊ុយក្រែន។ លោក ស៊ូលីវ៉ាន់ បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ នឹងបន្តគ្មានការប្រែប្រួល ឬរាថយនោះឡើយ ហើយលោកថា ការនិយាយបែបនេះ គឺមិនមែនឱ្យតែរួចៗនោះទេ។

គួរបញ្ជាក់ថា មួយថ្ងៃមុនទស្សនកិច្ចរបស់លោក ស៊ូលីវ៉ាន់ សមាជិកព្រឹទ្ធសភាអាមេរិក២រូប គឺលោក គ្រីស ឃូន (Christ Coons) មកពីបក្សប្រជាធិបតេយ្យ និងលោក រ៉ប ផតមែន (Rob Portman) មកពីបក្សសាធារណរដ្ឋ ក៏បានធ្វើដំណើរទៅកាន់ទីក្រុងកៀវផងដែរ ក្រោមគោលបំណងបង្ហាញពីសញ្ញានៃការគាំទ្ររួមគ្នា រវាងគណបក្សនយោបាយទាំងពីររបស់អាមេរិក។ ជំនួយហិរញ្ញវត្ថុនិងយោធារបស់​អាមេរិក រួមជាមួយប្រទេសលោកខាងលិចដទៃទៀត បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ជួយអ៊ុយក្រែនបន្តប្រយុទ្ធទប់ទល់នឹង ការឈ្លានពានរបស់រុស្ស៉ី តាំងតែពីខែកុម្ភៈមក៕