(ញូវដែលី)៖ អាជ្ញាធរឥណ្ឌាបាននិយាយថា សាលាបឋមសិក្សាក្នុងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា នឹងត្រូវបិទទ្វារដើម្បីការពារកុមារពីផ្សែងអ័ព្ទពុលដែលបក់បោកពាសពេញទីក្រុងដ៏ធំ ដែលមានប្រជាជនរស់នៅប្រមាណ ២០លាននាក់។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ផ្សែងចេញពីកសិករដែលដុតសំណល់ដំណាំ ផ្សែងរថយន្ត និងការបំភាយឧស្ម័នពីរោងចក្រ បានគ្របដណ្តប់រាជធានីរដ្ឋធានីញូវដែលីនៅក្នុងអ័ព្ទពណ៌ប្រផេះយ៉ាងធ្ងន់ធ្ងរ ជារៀងរាល់រដូវរងា។

អភិបាលក្រុងញូវដេលី លោក Arvind Kejriwal ដែលរងការរិះគន់ពីអ្នកស្រុក និងគូប្រជែងនយោបាយ ចំពោះការបរាជ័យក្នុងការដោះស្រាយវិបត្តិនោះ បាននិយាយថា សាលាបឋមសិក្សានឹងត្រូវបិទចាប់ពីថ្ងៃសៅរ៍រហូតដល់ «ស្ថានភាពខ្យល់មានភាពប្រសើរឡើងវិញ»។

គួរបញ្ជាក់ថា ទីក្រុងញូវដេលីរបស់ឥណ្ឌា ជារឿយៗត្រូវបានចាត់ថ្នាក់ជាទីក្រុងមួយ ក្នុងចំនោមទីក្រុង ដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោក។ កាលពីថ្ងៃសុក្រ វាបានឈរនៅលើកំពូលតារាងនៃទីក្រុងធំៗ ដែលមានគុណភាពខ្យល់អាក្រក់បំផុត៕