(ហែលស៊ីនគី)៖ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា លោកមានសុទិដ្ឋិនិយមថា ប្រទេសតួកគីនឹងអនុម័តយល់ព្រមលើពាក្យសុំរបស់ប្រទេសហ្វាំងឡង់ ដើម្បីចូលរួមជាមួយអង្គការណាតូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Niinisto បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda ក្នុងទីក្រុង Vilnius ថា «ខ្ញុំមានសុទិដ្ឋិនិយមថា នៅចុងបញ្ចប់ ប្រទេសទួរគីនឹងផ្តល់សច្ចាប័នលើសមាជិកភាពរបស់យើង ខ្ញុំសង្ឃឹមថាវានឹងកើតឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

ប្រទេសជិតខាងហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យចូលជាសមាជិកក្នុងអង្គការណាតូ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ដំណើរការនេះត្រូវបានអូសបន្លាយដោយការចរចារវាងហ្វាំងឡង់ ស៊ុយអែត និងតួកគី បន្ទាប់ពីប្រធានាធិបតី លោក Tayyip Erdogan បានអះអាងថា ប្រទេស Nordic គាំទ្រក្រុមដែលតួកគីបានចាត់ទុកថាជាភេរវករ។

គួរបញ្ជាក់ថា អគ្គលេខាធិការអង្គការណាតូបច្ចុប្បន្ន លោក Jens Stoltenberg កំពុងស្ថិតនៅក្នុងប្រទេសតួកគី ហើយនឹងជួបជាមួយ លោក Erdogan នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ខណៈដែលនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ត្រូវធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា នៅថ្ងៃទី០៨ ខែវិច្ឆិកា៕