(ប៉េកាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បានប្រាប់លោក ស៉ី ជិនពីង ប្រធានាធិបតីចិន នៅថ្ងៃសុក្រនេះថា លោកចង់ឲ្យទីក្រុងប៉េកាំងប្រើប្រាស់ «ឥទ្ធិពល» របស់ខ្លួនលើទីក្រុងមូស្គូ ដើម្បីជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក សូលហ៍ បានគូសបញ្ជាក់ថា «ខ្ញុំបានប្រាប់លោក ស៉ី ថាវាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសចិន ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើប្រទេសរុស្ស៉ី។ រុស្ស៉ីត្រូវតែបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារ ដែលធ្វើឲ្យជនស៉ីវិលរងគ្រោះរាល់ថ្ងៃ ហើយដកថយចេញពីអ៊ុយក្រែន»

គួរបញ្ជាក់ថា លោក អូឡាហ្វ សូលស៍ និងប្រតិភូថ្នាក់ដឹកនាំធុរកិច្ចរបស់លោក បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃសុក្រនេះ ក្នុងនាមជាមេដឹកនាំនៃក្រុមប្រទេស G7 មួយរូប ដែលបានបំពេញទស្សនកិច្ចជាលើកដំបូងក្នុងប្រទេសចិន នារយៈពេលជាង ៣ឆ្នាំមកនេះ៕