(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ក្រុមអ្នកគាំទ្ររបស់លោកថា «យើងនឹងរំដោះប្រទេសអ៉ីរ៉ង់» បន្ទាប់ពីពួកគេហាក់បាននាំគ្នាអំពាវនាវឱ្យរូបលោក និយាយពាក់ព័ន្ធអំពីស្ថានការណ៍បាតុកម្ម បានផ្ទុះឡើងនៅអ៉ីរ៉ង់ ចាប់តាំងពីមានករណីនារីវ័យក្មេងម្នាក់បាត់បង់ជីវិត កំលុងការឃុំឃាំងរបស់កងកម្លាំងសន្តិសុខអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសជួបជុំក្រុមអ្នកគាំទ្រ កំលុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ សម្រាប់លោក ម៉ៃ ឡេវីន (Mike Levine) ដែលជាសមាជិកសភាតំណាងរាស្រ្តបក្សប្រជាធិបតេយ្យ នៅឯទីក្រុងសានឌីអេហ្គោ (San Diego) នៃរដ្ឋកាលីហ្វរញ៉ា លោក បៃដិន បាននិយាយដូច្នេះថា «កុំបារម្ភ... យើងនឹងជួយរំដោះប្រទេសអ៉ីរ៉ង់។ ពួកគេនឹងអាចរំដោះខ្លួនឯងបាន ក្នុងពេលឆាប់ៗ»។ លោកប្រធានាធិបតីអាមេរិក បានលើកឡើងបែបនេះ ស្របពេលដែលក្រុមអ្នកគាំទ្រមួយចំនួន បាននាំគ្នាលើកទូរសព្ទឡើង ដែលមានបង្ហាញសារជាអក្សរថា «រំដោះប្រទេសអ៉ីរ៉ង់»

បច្ចុប្បន្នរដ្ឋបាលលោក បៃដិន បាននិងកំពុងប្រឈមការរិះគន់កាន់តែខ្លាំងឡើង ពីសំណាក់ក្រុមសកម្មជនអាមេរិកដើមកំណើតអ៉ីរ៉ង់ ដែលអំពាវនាវឱ្យសេតវិមានបោះបង់ចោល កិច្ចប្រឹងប្រែងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ដោយសារតែបាតុកម្មដែលផ្ទុះឡើង នៅទីនោះ។ កាលពីខែតុលា អាមេរិកបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមន្រ្តីអ៉ីរ៉ង់ សម្រាប់ការបង្រ្កាបដោយហិង្សាទៅលើបាតុករ ដែលបាននាំគ្នាធ្វើសកម្មភាពតវ៉ា បន្ទាប់ពីការស្លាប់របស់នាង ម៉ាស្សា អាមីនី (Mahsa Amina) ក្រោយរូបនាង ត្រូវបានចាប់ខ្លួន ដោយប៉ូលិសសីលធម៌របស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ដោយឡែក កាលពីពេលថ្មីៗនេះ រដ្ឋបាលលោក ចូ បៃដិន ក៏បានដាក់ទណ្ឌកម្មលើអ៉ីរ៉ង់ផងដែរ ពាក់ព័ន្ធការផ្គត់ផ្គង់ដ្រូន និងជំនួយបច្ចេកទេស ឱ្យប្រទេសរុស្ស៉ី សម្រាប់ការធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន៕