(ប៉េកាំង)៖ «ចិននិងប៉ាគីស្ថានជាមិត្តល្អ ដៃគូល្អនិងបងប្អូនល្អ»។ កាលពីថ្ងៃទី២ ខែវិចិ្ឆកា ពេលជួបសន្ទនាជាមួយលោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលអញ្ជើញ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន លោកប្រធានរដ្ឋចិន Xi Jinping បានកោតសរសើរចំពោះ មិត្តភាពដូចដែកថែបរវាងចិននិងប៉ាគីស្ថាន។

លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ជាមេដឹកនាំបរទេសមួយរូបក្នុងចំណោម មេដឹកនាំបរទេសដំបូងគេបង្អស់ ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាមការអញ្ជើញបន្ទាប់ពីបញ្ចប់សមាជបក្សកុម្មុយនីស្តចិនលើកទី២ ។ កិច្ចជំនួបលើកនេះ បានបង្ហាញយ៉ាងពេញលេញ នូវមិត្តភាពប្រពៃណីរវាងចិននិងប៉ាគីស្ថាន ការកសាងទំនុកចិត្តគ្នាខាងយុទ្ធសាស្ត្រ និងគំនិតឯកភាពរួមយ៉ាងទូលំទូលាយ ដែលបានគ្រោងផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់ អំពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប៉ាគីស្ថាន។

តើទំនាក់ទំនងរវាងចិននិងប៉ាគីស្ថាន មានភាពជិតស្និទ្ធដល់កម្រិតយ៉ាងណា? ពីការដែលភាគីប៉ាគីស្ថានរួមវិភាគទានម៉ាស ដែលស្តុកទុកក្នុងឃ្លាំងមន្ទីរពេទ្យទូទាំងប្រទេស ជូនដល់ប្រទេសចិននៅពេលផ្ទុះជំងឺកូវីដ១៩ នៅដើមឆ្នាំ២០២០ ដល់ការដែលភាគីចិនផ្តល់ជំនួយឧបត្ថម្ភជាបន្ទាន់ របស់រដ្ឋាភិបាលទាំងមូល និងសង្គមទាំងមូលដោយគ្រប់ជ្រុងជ្រោយ បន្ទាប់ពីកើតគ្រោះទឹកជំនន់នៅប៉ាគីស្ថាននៅខែមិថុនាឆ្នាំនេះ។ល។ រឿងជាច្រើនបានបញ្ជាក់ថា មិត្តភាពរវាងចិននិងប៉ាគីស្ថាន ជាចំណងមិត្តភាពប្រកបដោយសីលធម៌ និងជាចំណងមិត្តភាពដែលរួមសុខរួមទុក្ខ ក្នុងគ្រាលំបាក អាចនិយាយបានថា ជាគំរូនៃការរាប់អានគ្នារវាងប្រទេសនិងប្រទេស។

បច្ចុប្បន្ននេះ ការវិនិយោគសរុបនៃរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានបាន លើសពី២ម៉ឺន៥ពាន់លានដុល្លារអាមេរិក ដែលបានបង្កើតឱកាសការងារចំនួន១សែន៥ម៉ឺន ដល់ភាគីប៉ាគីស្ថានដោយផ្ទាល់។ តាមការប៉ាន់ប្រមាណរបស់លោក Mehmood Ul Hassan Khan ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីអាស៊ីខាងត្បូង និងអន្តរជាតិរបស់ប៉ាគីស្ថានឱ្យដឹងថា កំណើន GDP យ៉ាងជាក់លាក់ដែលនាំមកដោយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ នឹងមានអំណោយផលដល់ការនាំឱ្យជនជាតិប៉ាគីស្ថាន ចំនួន១លាន១សែននាក់បម្រះខ្លួន ចេញផុតពីភាពក្រីក្រជ្រុលហួសមុនពេលឆ្នាំ២០៣០។

ក្នុងអំឡុងពេលជំនួបពិភាក្សា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើង នូវសំណូមពរជាក់ស្តែងអំពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ក្នុងដំណាក់កាលក្រោយ រវាងចិននិងប៉ាគីស្ថាន បូករួមទាំង «ភាគីទាំងពីរត្រូវប្រើប្រាស់ឱ្យបានល្អ នូវយន្តការគណៈកម្មាធិការសហប្រតិបត្តិការរួម នៃរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន» និង «ត្រូវពន្លឿនការជំរុញកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ នៃកំពង់ផែ Gwadar»។ល។ អ្នកផងទាំងពួងអាចទទួលអារម្មណ៍ យ៉ាងជ្រាលជ្រៅពីការយកចិត្តទុកដាក់ខ្ពស់ របស់ភាគីចិនចំពោះកិច្ចសហប្រតិបត្តិការ រវាងចិននិងប៉ាគីស្ថាននិងមនោសញ្ចេតនា ដ៏ពិតប្រាកដនិងភាពស្មោះត្រង់ ក្នុងការរីករាយអភិវឌ្ឍជាមួយភាគីប៉ាគីស្ថាន។

ក្នុងជំនួបពិភាក្សា លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping។ ហើយភាគីចិនក៏បានកំណត់ប៉ាគីស្ថានថា ជាដៃគូសហប្រតិបត្តិការជាអាទិភាព នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ នេះនឹងបំពេញបន្ថែមភាពប្រាកដប្រជា និងថាមពលវិជ្ជមានក្នុងវិបុលភាពនិងស្ថិរភាព នៃអាស៊ីខាងត្បូង ក៏ដូចជាការអភិវឌ្ឍនិងសន្តិភាពនៃពិភពលោក។

លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានលើកឡើង ក្នុងអត្ថបទដែលចេញផ្សាយនៅប្រព័ន្ធសារព័ត៌មានរបស់ចិន មុនពេលបំពេញទស្សនកិច្ចនៅប្រទេសចិនថា «ចំណងមិត្តភាពប៉ាគីស្ថាន-ចិន គឺមានទំនុកចិត្តនិងក្តីស្រឡាញ់ជារៀងរហូត»។ សមិទ្ធផលជាផ្លែផ្កាដែលទទួលបាន ក្នុងដំណើរទស្សនកិច្ចរបស់លោកលើកនេះ បានបញ្ជាក់ពីពាក្យសម្តីនេះយ៉ាងពេញលេញ។ ពង្រឹងចំណងមិត្តភាពប្រពៃណី លើកកម្ពស់កម្រិតសហប្រតិបត្តិការ និងបង្កើតកម្លាំងចលករថ្មី ចិននិងប៉ាគីស្ថានមុខជា នឹងទទួលអនាគតកាន់តែល្អបវរជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន