(ព្រុចសែល)៖ ប្រមុខការទូតរបស់សហភាពអឺរ៉ុប (EU) បាននិយាយនៅថ្ងៃសុក្រនេះថា បណ្តាប្រទេសលោកខាងលិចចាំបាច់ត្រូវកាត់បន្ថយ ការពឹងផ្អែករបស់ពួកគេលើប្រទេសចិន ប៉ុន្តែមិនអាចចាត់ថ្នាក់ប្រទេសចិនទៅក្នុងប្រភេទមួយជាមួយរុស្ស៊ីបាននោះទេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅខាងក្រៅកិច្ចប្រជុំជាមួយមេដឹកនាំប្រទេស G7 ក្នុងទីក្រុងមូអេនស្ទើ (Muenster) ប្រទេសអាល្លឺម៉ង់ ប្រធានគោលនយោបាយការបរទេស EU លោក ចូសេព បូរ៉ែល (Josep Borrell) បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «វាច្បាស់ណាស់ថាប្រទេសចិន កំពុងបង្រួបបង្រួមយុគសម័យថ្មីនៃគោលនយោបាយខាងក្រៅ និងផ្ទៃក្នុងរបស់ខ្លួន ហេតុនេះហើយចិនមានភាពជឿជាក់កាន់តែខ្លាំង លើផ្លូវដែលខ្លួនកំពុងដើរ»។

លោក បូរ៉ែល បានបន្ថែមថា «វាច្បាស់ណាស់ថា យើងចង់កាត់បន្ថយការពឹងផ្អែករបស់យើង យើងចង់ដោះស្រាយភាពងាយរងគ្រោះ ដើម្បីពង្រឹងភាពធន់របស់យើង ប៉ុន្តែនៅពេលនេះ ប្រទេសសមាជិកជាច្រើន មានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយចិន ហើយខ្ញុំគិតថាយើងមិនអាចដាក់ប្រទេសចិន និងរុស្ស៉ី ក្នុងកម្រិតដូចគ្នានោះទេ»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ប្រមុខការទូត EU នាពេលនេះ ធ្វើឡើងចំពេលដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ កំពុងស្ថិតនៅឯទីក្រុងប៉េកាំង និងជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង ផងដែរ៕