(អ៉ីស្តង់ប៊ុល)៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយថា និតិវិធីអនុម័ត ការលក់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក មកឱ្យប្រទេសតួកគី កំពុងប្រព្រឹត្តទៅយ៉ាងប្រសើរ ហើយអាចនឹងចប់រួចរាល់ជាស្ថាពរ ក្នុងពេលប៉ុន្មានខែទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២២។
អ្នកនាំពាក្យខាងលើគឺលោក អ៉ីប្រាហ៉ីម កាលីន (Ibrahim Kalin) បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយ សារព័ត៌មាន CNN Turk កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះយ៉ាងដូច្នេះថា «វាមិនងាយស្រួលនោះទេ ក្នុងការផ្តល់ការព្យាករឱ្យបានច្បាស់ ប៉ុន្តែដំណើរការហាក់កំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដែលអាចនឹងចប់រួចរាល់ នៅក្នុងពេល២ខែទៀត»។ លោក កាលីន បានឆ្លើយបែបនេះ ពេលត្រូវគេសួរថាតើ ពេលណាសហរដ្ឋអាមេរិក នឹងលក់យន្តហោះចម្បាំង F-16 មកឱ្យតួកគី។
គួរបញ្ជាក់ថា ទីក្រុងអង់ការ៉ាបានដាក់សំណើ ទៅកាន់សហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០២១ ដើម្បីទិញយន្តហោះចម្បាំង F-16 ថ្មីចំនួន៤០គ្រឿង រួមជាមួយបរិក្ខារទំនើបកម្មជិត៨០ឈុត សម្រាប់យន្តហោះ F-16 ដែលមានស្រាប់ ដើម្បីធ្វើឱ្យកងទ័ពអាកាសខ្លួន មានសមត្ថភាពប្រសើរឡើង ក្រោយមិនអាចទិញយន្តហោះចម្បាំង F-35 បានពីទីក្រុងវ៉ាស៉ីនតោន ដោយសារតែភាពចម្រូងចម្រាស ដែលកើតឡើងបន្ទាប់ពី តួកគីទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៉ី៕