(ឡុងដ៍)៖ អ្នកនាំពាក្យនាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) បានឱ្យដឹងថា ចក្រភពអង់គ្លេសមិនមានផែនការ ផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសអ៉ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយឡឹមនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ស៊ូណាក់ បានឡើងកាន់អំណាចជានាយករដ្ឋមន្រ្តី ជំនួសលោកស្រី លីស ត្រាស់ (Liz Truss) កាលពីសប្តាហ៍កន្លងទៅ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកនាំពាក្យរបស់លោក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គំនិតចង់ផ្លាស់ប្តូរទីតាំងស្ថានទូត ត្រូវបានពិនិត្យមើលដោយរដ្ឋបាលមុន ដែលចង់សំដៅលើ ការពិចារណារបស់អតីតរដ្ឋាភិបាលលោកស្រី ត្រាស់ ទៅលើលទ្ធភាព នៃការរើស្ថានទូតអង់គ្លេស ចេញពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម។

នៅពេលត្រូវគេសួរថាតើ ចក្រភពអង់គ្លេសនៅតែកំពុងពិចារណា លើគម្រោងផ្លាស់ប្តូរទីតាំងស្ថានទូតនេះទៀត ឬក៏យ៉ាងណានោះ អ្នកនាំពាក្យលោក ស៊ូណាក់ ក៏បាននិយាយថា រដ្ឋាភិបាលបច្ចុប្បន្នពុំមានផែនការយ៉ាងដូច្នោះឡើយ។ ជាច្រើនទសវត្សរ៍មកហើយ ចក្រភពអង់គ្លេសបានតាំងស្ថានទូតអ៉ីស្រាអែល នៅទីក្រុងតែលអាវីវ ដូចទៅនឹងប្រទេសភាគច្រើនផ្សេងទៀតផងដែរ បើទោះបីជាអ៉ីស្រាអែល បានចាត់ទុកហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ហ្សេរុយសាឡឹមគឺជាបញ្ហាស្នូលចម្បងបំផុត នៅក្នុងជម្លោះរាប់ទសវត្សរ៍ រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន ដោយអាជ្ញាធរប៉ាឡេស្ទីន បានទទូចថាទីក្រុងហ្សេរុយសាឡឹមទាំងមូល គួរតែក្លាយជារដ្ឋធានីរបស់អនាគតរដ្ឋប៉ាឡេស្ទីន ខណៈតំបន់ភាគខាងកើតទីក្រុងនេះ បច្ចុប្បន្នស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល ចាប់តាំងពីឆ្នាំ១៩៦៧មក។

យ៉ាងណាក្តី ទោះអន្តរជាតិជំទាស់នឹងការទទួលស្គាល់ ហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៉ីស្រាអែលក៏ដោយ សហរដ្ឋអាមេរិក បានបើកស្ថានទូតរបស់ខ្លួន នៅក្នុងទីក្រុងនេះ កាលពីឆ្នាំ២០១៨ ក្រោមអាណត្តិដឹកនាំរបស់ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលធ្វើឱ្យប្រាសចាកពីនយោបាយរាប់ទសវត្សរ៍ របស់ទីក្រុងវ៉ាស៉ីនតោន។ ទង្វើនោះត្រូវបានស្វាគមន៍ដោយអ៉ីស្រាអែល ប៉ុន្តែបានទទួលរងការរិះគន់ពីក្រុមប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តលោកខាងលិច៕