(សេអ៊ូល)៖ នារសៀលថ្ងៃសុក្រនេះ កូរ៉េខាងត្បូងបានឱ្យដឹងថា ខ្លួនបានចល័តយន្តហោះចម្បាំងរាប់សិបគ្រឿង បន្ទាប់ពីប្រទះឃើញ សកម្មភាពហោះហើរ របស់យន្តហោះកូរ៉េខាងជើង ប្រមាណជា១៨០គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២២។

យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា យន្តហោះកូរ៉េខាងជើងសរុបចំនួនខ្ទង់ ១៨០គ្រឿង ត្រូវបានប្រទះឃើញហោះក្រឡឹងនៅក្បែរៗ តំបន់ព្រំប្រទល់អន្តរកូរ៉េ កំលុងរយៈពេល៤ម៉ោង នៅថ្ងៃសុក្រនេះ។ ជាការឆ្លើយតប យោធាកូរ៉េខាងត្បូង ក៏បានចល័តយន្តហោះ​របស់ខ្លួនសរុប ៨០គ្រឿង ក្នុងនោះមានទាំងយន្តហោះចម្បាំងបំបាំងកាយ F-35A។ ចំណែកយន្តហោះប្រហែល ២៤០គ្រឿង ដែល​កំពុងចូលរួមសមយុទ្ធទ័ពអាកាស Vigilant Storm រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក គឺបានបន្តការហ្វឹកហ្វឺនជាធម្មតា។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានបាញ់តេស្តមីស៉ីលផ្លោងបាលិស្ទីគ និងកាំភ្លើងធំជាបន្តបន្ទាប់គ្នា ចាប់តាំងតែពីទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន បានចាប់ផ្តើមការធ្វើសមយុទ្ធ Vigilant Storm កាលពីថ្ងៃចន្ទ។ ដោយឡែក កាលពីខែតុលា យន្តហោះកូរ៉េខាងជើងចំនួន ១០គ្រឿង ក៏បានធ្វើការហោះហើរក្នុងលក្ខណៈស្រដៀងគ្នា មកក្បែរតំបន់ព្រំប្រទល់ផងដែរ ហើយ​បានជំរុញឱ្យកូរ៉េខាងត្បូងចល័តយន្តហោះចម្បាំង ដើម្បីឆ្លើយតបដូចគ្នានាពេលនោះ៕