(វ៉ាស៉ីនតោ)៖ សហរដ្ឋអាមេរិក បានព្រមានថានឹងកំទេចរបបដឹកនាំកូរ៉េខាងជើងចោល បើសិនជាហ៊ានប្រើអាវុធនុយក្លេអ៊ែរ បាញ់ដាក់លើសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត។ ការព្រមាននេះ បានធ្វើដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin គ្រាដែលភាពតានតឹងក្នុងដែនឧបទ្វីបកូរេកាន់តែកើនឡើងជាលំដាប់ ដោយសារតែកូរេខាងជើងបានខឹងនឹងការធ្វើសម យុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរេខាងត្បូង។

កូរ៉េខាងជើងបានបាញ់គ្រាប់កាំភ្លើងធំប្រមាណ៨០គ្រាប់បន្ថែមទៀត ចូលទៅក្នុងតំបន់ព្រំដែនសមុទ្ទទាំងកណ្តាលយប់ ខណៈដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនិងរដ្ឋមន្ត្រីការ ពារជាតិកូរេខាងត្បូងបានប្តេជ្ញាចិត្តបង្ហាញការប្រឈមមុខរបស់ខ្លួនក្នុងស្ថានភាពដែលកូរេខាង ជើងបានបាញ់មីស៊ីលនិងបាញ់កាំភ្លើងធំគម្រាមកំហែង។ ការបាញ់កាំភ្លើងធំជាង៨០គ្រាប់នេះ បានធ្វើឡើងទន្ទឹមនឹងសហរដ្ឋអាមេរិក បានព្រមានថា គេនឹងកំទេចរបបដឹកនាំកូរេខាងជើងចោល បើសិនជាហ៊ានប្រើ អាវុធនុយក្លេអ៊ែ័របាញ់ដាក់ លើសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត។

កូរេខាងជើងបានទាមទារឱ្យសហរដ្ឋអាមេរិកនិងកូរេខាងត្បូង ត្រូវបញ្ឈប់ការធ្វើសមយុទ្ធយោធា ដែលការទាមទារនោះបានធ្វើឡើងតាមរយៈការបាញ់គំរាមគ្រាប់មីស៊ីលបាលីស្ទីក និងគ្រាប់កាំភ្លើងត្បាល់ជាច្រើនដាក់ចូលមកក្នុងតំបន់ដែនសមុទ្ទ ប៉ុន្តែសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ធ្វើមិនដឹងមិនឮនិងមិនព្រមបញ្ឈប់ការធ្វើសមយុទ្ធយោធារបស់ខ្លួននោះឡើយ។ សមយុទ្ធយោធារវាងសហរដ្ឋ អាមេរិកនិងកូរេខាងត្បូងដែលមុននេះ ត្រៀមគ្រោងនឹងបញ្ចប់ នៅថ្ងៃសុក្រទី៤វិច្ឆិកាទៅហើយនេះ ត្រូវបានបន្តធ្វើទៅមុខបន្ថែមទៀត ដែលទង្វើនេះបានបញ្ឆេះកំហឹងកូរេខាងជើងកាន់តែខ្លាំង។ លើសពីនោះរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិកូរេខាងត្បូងលោក លី ជុងស៊ុប Lee Jong-sup ក៏ជួបគ្នា នៅក្រសួងការពារជាតិអាមេរិកក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោន ដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២ បានប្តេជ្ញាចិត្តក្នុងការត្រូវបន្តប្រឈមមុខចំពោះការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង ថែមទៀតបើទោះបីជាមានសម្តីព្រមាននិងការបាញ់គំរាម។

រដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងប្តេជ្ញាការពារកូរេខាងត្បូងនិងថ្កោល ទោសប្រទេសកូរ៉េខាងជើង។ លោក Lloyd Austinបានថ្លែងប្រាប់ទៅរដ្ឋមន្ត្រីការពារជាតិកូរេខាងត្បូងថាសហរដ្ឋអាមេរិក ប្តេជ្ញាការពារកូរេខាងត្បូង និងធានាប្រាកដថានឹងមិនមានប្រទេសណាដែលនឹងអាចប៉ះលើ កូរេខាងត្បូងបានឡើយ។ លោកបានថ្លែងថាសហរដ្ឋអាមេរិកនឹងប្តេជ្ញាប្រឆាំងផងដែរចំពោះ ប្រទេសណាដែលហ៊ានប្រើឧបករណ៍នុយក្លេអ៊ែ័រ។

កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ រួមទាំង មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលគេសង្ស័យថាជាគ្រាប់ខូច។ ទោះបីជាមានការបាញ់និងការ គំរាមរបស់កូរេខាងជើង សមយុទ្ធឈ្មោះ Vigilant Storm ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៣១ តុលានៅតែបន្ត និងកាន់តែបន្ថែមថ្ងៃ។ សមយុទ្ធ Vigilant Storm បានចួលរួមដោយយន្តហោះ ២៤០គ្រឿង និងបុគ្គលិកយោធាច្រើនពាន់នាក់ដោយប្រទេសទាំង២ និងសមយុទ្ធនេះ ត្រូវគេ ចាត់ទុកថាជាសមយុទ្ធបង្ហាញនូវកម្លាំងដ៏ធំបង្អស់មួយមិនធ្លាប់មាន ដែលការបង្ហាញនូវកម្លាំង នេះហើយ បានធ្វើឱ្យកូរេខាងជើងកាន់តែផ្ទុះកើនឡើងនូវកំហឹង។

ក្រោយមានសេចក្តី រាយការណ៍បង្ហាញថាសមយុទ្ធយោធារវាងសហរដ្ឋអាមេរិកនឹងមិនទាន់បញ្ឈប់ ហើយថែមទាំងបន្តដោយមិនបញ្ចប់តាមគម្រោងដាក់ចេញនៅថ្ងៃសុក្រនោះ កូរ៉េខាង ជើងបានបាញ់គ្រាប់ កាំភ្លើងត្បាល់ប្រមាណជាង៨០គ្រាប់ដាក់ចូលក្នុងដែនសមុទ្ទថែមទៀត។ កូរ៉េខាងត្បូង បានប្រញាប់ចេញសារព្រមានទៅកូរេខាងជើងវិញ ជុំវិញការបន្តបាញ់កាំភ្លើងត្បាល់ ចុងក្រោយនេះ។

នៅក្នុងកិច្ចប្រជុំក្នុងមន្ទីរបញ្ចកោណនាទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup បានសន្យាស្វែងរក វិធានការថ្មី ដើម្បីបង្ហាញពី "ការប្តេជ្ញាចិត្ត និងសមត្ថភាព" របស់សម្ព័ន្ធមិត្ត បន្ទាប់ពីការបង្ក ហេតុពីកូរ៉េខាងជើងម្តងហើយម្តងទៀតមិនចេះចប់។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅបាននិយាយសង្ស័យផងដែរថាកូរ៉េខាងជើង អាចនឹងបញ្ចប់ការរៀបចំបច្ចេកទេសដើម្បីការត្រៀមសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនហើយនាពេលនេះ និងការសាកល្បងអាវុធនុយក្លេអ៊ែ័ររបស់កូរេខាងជើងនឹងអាចធ្វើនាពេលខាងមុខ នេះក្នុងថ្ងៃណាមួយជាមិនខាន។ កូរ៉េខាងជើងក្នុ្ងងសប្តាហ៍នេះ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ ការធ្វើសមយុទ្ធយោធា របស់សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្ត។ កូរ៉េខាងជើងបានទាមទារម្តងហើយម្តងទៀតឱ្យសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តត្រូវបញ្ឈប់ នូវការធ្វើសមយុទ្ធដែលក្រុងព្យុងយ៉ាងចាត់ទុក ថាសមយុទ្ធនោះគឺការបង្កហេតុផ្នែកយោធា និងការចង់ឈ្លានពានមកលើកូរេខាងជើង។ កូរ៉េខាងជើង បានព្រមានថា គេនឹងមិនអាចអត់ ឱនបានឡើយ" ចំពោះការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិកជាមួយ នឹងកូរ៉េខាងត្បូងនោះ។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបាន ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថាបើសិនជាសហរដ្ឋ អាមេរិកចចេសបន្តក្នុងការបង្កហេតុយោធា, កូរេខាងជើងនឹងចាត់វិធានការបន្តនូវឥទ្ធិពល យោធារបស់ខ្លួនជាបន្ថែមដើម្បីធ្វើការប្រឆាំងតបត។ ប៉ុន្តែទោះបីមានសម្តីព្រមាននិងការបាញ់ មីស៊ីលបង្ហាញឥទ្ធិពលយ៉ាងណាក្តី, សហរដ្ឋអាមេរិកនិងកូរេខាងត្បូង ស្រាប់តែបន្តពន្យាពេល ធ្វើសមយុទ្ធបន្ថែមទៀត។

មន្ត្រីជាន់ខ្ពស់របស់កូរេខាងជើង លោក Pak Jong Chon លេខាធិការនៃគណៈកម្មាធិការ កណ្តាលនៃគណបក្សពលករដែលកំពុងកាន់អំណាចក្នុងប្រទេសកូរ៉េខាងជើងបានចាត់ទុក ការសម្រេចចិត្តបន្តធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិកនិងកូរេខាងត្បូងនេះ ថាជា «ការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុត» និងថាការសម្រេចចិត្តនេះ កំពុង "រុញ" ស្ថានភាពដើរចេញ ពីការគ្រប់គ្រងរបស់វាហើយ។ លោក Pak Jong Chon បានថ្លែងថា “សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគង់នឹងដឹងថា ពួកគេ បានធ្វើកំហុសដ៏អាក្រក់មួយដែលមិនអាចវិលត្រឡប់វិញបានឡើយ”

ក្រុមអ្នកការទូតបាននិយាយថា សហរដ្ឋអាមេរិក បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិធ្វើការកោះប្រជុំជាសាធារណៈមួយលើប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ ដែល សំណើនេះបានគាំទ្រដោយសមាជិកក្រុមប្រឹក្សាផ្សេងទៀតដូចជាចក្រភពអង់គ្លេស បារាំង អាល់បានី អៀរឡង់ និងប្រទេសន័រវែស។ កូរ៉េខាងជើង ត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហាមឃាត់ជាយូរមកហើយ ដោយមិនឱ្យមានការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលបាលីស្ទីកឡើយ។ ក្រុមប្រឹ ក្សាសន្តិសុខថែមទាំងបានពង្រឹងការដាក់ទណ្ឌកម្មជាច្រើនថែមទៀតលើក្រុងព្យុងយ៉ាងក្នុង រយៈពេលជាច្រើនឆ្នាំមកហើយនេះ ដើម្បីព្យាយាមកាត់ផ្តាច់មូលនិធិទាំងអស់ ដើម្បីមិនឱ្យ កូរេខាងជើងអាចមានលទ្ធភាពធ្វើកម្មវិធីអាវុធទាំងនោះបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក 15 ប្រទេស ត្រូវបានបែកខ្ញែកគ្នាជុំវិញការរកដំណោះស្រាយដល់កូរេខាងជើងនោះ។ ក្រោយមកនៅក្នុងខែឧសភា ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតប្រឆាំងលើការជំរុញ ដែលដឹកនាំដោយសហ រដ្ឋអាមេរិក ដើម្បីរកការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់អង្គការសហប្រជាជាតិ ចំពោះការ បាញ់មីស៊ីលរបស់កូរ៉េខាងជើង។

រដ្ឋបាលអាមេរិកលោក ចូ បៃដិន បានថ្លែងថា ទោះជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកនៅតែ បើកទ្វារច្រកការទូតរបស់ខ្លួនជានិច្ច ប៉ុន្តែបញ្ជាក់ថានៅចំពោះមុខពេលនេះ គ្មានការជជែក ចរចាឡើយក្រៅពីការរៀបចំយុទ្ធសាស្ត្រដើម្បីទប់ទល់។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបោះសម្តីព្រមានដល់កូរេខាងជើងកាល ពីថ្ងៃទី៣ ខែវិច្ឆិកា ថា បើសិនណាជារដ្ឋាភិបាលក្រុងព្យុងយ៉ាងហ៊ានតែប្រើអាវុធនុយក្លេអ៊ែរ បាញ់ប្រហារដាក់មកលើសហរដ្ឋអាមេរិកឬក្រុមសម្ព័ន្ធមិត្ត នោះគឺជាពេលវេលានៃទីបញ្ចប់នៃរបបដឹកនាំរបស់លោក គីមជុង អ៊ុន៕