(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានលើកឡើងពីភាពចាំបាច់ នៃការបង្កើនកិច្ចសហប្រតិបត្តិការ រវាងចិននិងអាល្លឺម៉ង់ ចំពោះមុខពេលវេលានៃការប្រែប្រួលមិនប្រាកដប្រជា ក្នុងជំនួបទល់មុខផ្ទាល់លើកដំបូងជាមួយ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) នៅឯទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២២។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV កំលុងជំនួបខាងលើ ដែលជាការជួបទល់មុខគ្នាលើកទីមួយ ចាប់តាំងពីលោក សូល បានឡើងកាន់អំណាចជាអធិការបតីអាល្លឺម៉ង់ កាលពីចុងឆ្នាំ២០២១ លោកប្រធានាធិបតីចិន បាននិយាយថា ក្នុងនាមជាប្រទេស ដែលមានឥទ្ធិពលប្រចាំនៅអាស៉ីនិងអឺរ៉ុប ចិននិងអាល្លឺម៉ង់គួរតែចាប់ដៃគ្នាសហការឱ្យកាន់តែខ្លាំង ក្នុងគ្រាដែលកំពុងពោរពេញ​ទៅដោយការផ្លាស់ប្តូរ និងភាពមិនច្បាស់លាស់ ដើម្បីអនាគតនៃសុខសន្តិភាពពិភពលោក។

ចំណែកលោក សូល វិញ បានប្រាប់លោក ស៉ី ថា វាគឺជារឿងប្រសើរណាស់ ដែលមេដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នាផ្ទាល់ ក្នុងកំលុងពេលដ៏តានតឹងដូចបច្ចុប្បន្ន ជាពិសេសស្របពេលដែល ការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែនបានបង្កើតបញ្ហាសម្រាប់ សណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើក្បួនច្បាប់អន្តរជាតិ។ បន្ថែមពីនេះ បើតាមលោក សូល ភាគីទាំងពីរក៏នឹងពិភាក្សាផងដែរ អំពីទំនាក់ទំនងអឺរ៉ុប-ចិន ការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ និងគ្រោះទុរ្ភិក្សជាសកល ព្រមទាំងមធ្យោបាយអភិវឌ្ឍ​ចំណងសេដ្ឋកិច្ចអាល្លឺម៉ង់-ចិន ក៏ដូចជាប្រធានបទដែលប្រទេសទាំងពីរ មានទស្សនៈផ្ទុយគ្នា។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក សូល នាថ្ងៃសុក្រនេះ គឺជាទស្សនកិច្ចលើកដំបូងបំផុត របស់មេដឹកនាំប្រទេស G7 ទៅកាន់ប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំមកនេះ ហើយវានឹងជាការស្ទាបស្ទង់ទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងក្រុមលោកខាងលិច ក្រោយការកើនឡើងនៃភាពតានតឹង រយៈពេលជាច្រើនឆ្នាំ៕