(ប៉េកាំង)៖ នៅថ្ងៃទី៣ ខែវិច្ឆិកា តាមម៉ោងទីក្រុងប៉េកាំង ប្រព័ន្ធរូបិយវត្ថុបម្រុងសហព័ន្ធរបស់សហរដ្ឋអាមេរិក បានប្រកាសថានឹងដំឡើងអត្រាការប្រាក់ចំនួន ០,៧៥%។ នេះគឺជាលើកទី ៤ ហើយដែលប្រព័ន្ធរូបិយវត្ថុបម្រុងសហព័ន្ធ របស់សហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ចំនួន ០,៧៥%ជាប់ៗគ្នា និងជាលើកទី ៦ ហើយដែលសហរដ្ឋអាមេរិក បានដំឡើងអត្រាការប្រាក់នៅឆ្នាំនេះផងដែរ។

រឿងនេះបានបង្កឱ្យមានការព្រួយបារម្ភនៅជុំវិញពិភពលោក។ យោងតាមការស្ទង់មតិចំពោះសេដ្ឋវិទូចំនួន ១០០ រូបនៅជុំវិញពិភពលោកដែលសហការ ធ្វើដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ជាមួយសកលវិទ្យាល័យ Renmin ប្រទេសចិនបានបង្ហាញឱ្យដឹងថា ការដែលអាមេរិកបានដំឡើងអត្រាការប្រាក់ ជាបន្តបន្ទាប់នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះកាន់តែខ្លាំង។

មានសេដ្ឋវិទូ ៩០%ដែលចូលរួមផ្តល់មតិយល់ឃើញថា ហានិភ័យនៃកំណើនអតិផរណានិងភាពជាប់គាំងខាងសេដ្ឋកិច្ច នឹងកើនឡើងដោយសារតែរឿងនេះ ហើយមាន៩៤%យល់ឃើញថា ការដំឡើងអត្រាការប្រាក់ជាប់ៗគ្នា អាចនឹងធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ មានហានិភ័យបំណុលកាន់តែខ្លាំងឡើង។

ពេលមុននេះ ធនាគារពិភពលោកបានព្រមានថា «រលកនៃការដំឡើងអត្រាការប្រាក់» នៅទូទាំងពិភពលោកនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ នៅក្នុងការស្ទង់មតិលើកនេះ មានសេដ្ឋវិទូ ៥៤% សម្គាល់ឃើញថា វិធានការរបស់ប្រព័ន្ធរូបិយវត្ថុបម្រុងសហព័ន្ធ នៃសហរដ្ឋអាមេរិកបែបនេះ គឺដើម្បីបង្វែរហានិភ័យអតិផរណា ក្នុងស្រុកខ្លួនទៅខាងក្រៅ ហើយមានសេដ្ឋវិទូ ៦៧% បានអំពាវនាវឱ្យសហរដ្ឋអាមេរិកពិចារណាបន្ថែមទៀត អំពីឥទ្ធិពលដែលជះទៅលើសេដ្ឋកិច្ចពិភពលោក នៅពេលដែលខ្លួនដាក់ចេញគោលនយោបាយ ដើម្បីជៀសវាងការធ្វើឱ្យសេដ្ឋកិច្ចពិភពលោក មានការធ្លាក់ចុះកាន់តែខ្លាំងថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន