(ប៉េកាំង)៖ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនា ជាមួយលោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិនតែងតែប្រើចក្ខុវិស័យជាយុទ្ធសាស្ត្រ និងវែងឆ្ងាយចំពោះទំនាក់ទំនងចិន-ប៉ាគីស្ថាន ហើយតែងតែតម្កល់ប្រទេសប៉ាគីស្ថានជាអាទិភាព នៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ប្រទេសចិនរីករាយរួមសហការជាមួយភាគីប៉ាគីស្ថាន ដើម្បីលើកកម្ពស់កម្រិត នៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងពន្លឿនការកសាងសហគមន៍រួម វាសនាចិន-ប៉ាគីស្ថាន ដែលមានភាពកាន់តែស្អិតល្មួតក្នុងយុគសម័យថ្មី ព្រមនិងដាក់បញ្ចូលកម្លាំងចលករថ្មីទៅក្នុង ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់កាលៈទេសៈរវាងចិននិងប៉ាគីស្ថាន។

លោក Xi Jinping បានជម្រាបជូនភាគីប៉ាគីស្ថានអំពីសមិទ្ធផលសំខាន់ៗ នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។ លោកបានថ្លែងថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ នូវគោលនយោបាយជាតិជាមូលដ្ឋាន ស្តីពីការបើកចំហចំពោះបរទេស ដោយបន្តផ្តល់កាលានុវត្តភាពថ្មី ជូនបណ្តាប្រទេសនានាក្នុងពិភពលោក ក្នុងនោះបូករួមទាំងប៉ាគីស្ថានផងដែរ ស្របនឹងពេលដែលប្រទេសចិន មានការអភិវឌ្ឍថ្មី។

ជាការឆ្លើយតប លោក Shahbaz បានថ្លែងថា លោកមានកិត្តិយសណាស់ដែលបានក្លាយជា មេដឹកនាំបរទេសដែលទទួលបាន ការអញ្ជើញឱ្យមកធ្វើទស្សនកិច្ច នៅប្រទេសចិនបន្ទាប់ពីការបើកធ្វើ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០យ៉ាងជោគជ័យ។ នេះបានបង្ហាញយ៉ាងពេញលេញនូវទំនាក់ទំនង មិត្តភាពដែកថែបដ៏ស៊ីជម្រៅរវាងប៉ាគីស្ថាននិងចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន