(ហ្សេរុយសាឡិម)៖ ក្រុមចម្រុះដែលដឹកនាំដោយអតីតនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានឈ្នះអាសនៈភាគច្រើននៅក្នុងសភា ដែលនឹងអនុញ្ញាតឲ្យលោកត្រលប់មកកាន់អំណាចវិញ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លទ្ធផលបោះឆ្នោតចុងក្រោយដែលបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបង្ហាញថា លោក ណេតាន់យ៉ាហ៊ូ និងក្រុមស្តាំនិយមរបស់លោកដែលភាគច្រើន ត្រូវបានគេចាត់ទុកជាអ្នកបង្កភាពវឹកវរក្នុងនយោបាយអ៉ីស្រាអែល កាលពីប៉ុន្មានឆ្នាំមុននោះ ឥឡូវនេះទទួលបាន ៦៤អាសនៈ ក្នុងចំណោម១២០អាសនៈនៃសភា។ ដោយឡែក គូរប្រជែងរបស់លោកនៅក្នុងក្រុមចម្រុះ ដឹកនាំដោយនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោក យ៊ែរ ឡាភីត (Yair Lapid) ទទួលបាន៥១អាសនៈ។

ការិយាល័យនាយករដ្ឋមន្រ្តី បានឲ្យដឹងថា លោក ឡាភីត បានអបអរសាទរដល់លោក ណេតាន់យ៉ាហ៊ូ ចំពោះជោគជ័យនេះ និងបានណែនាំដល់មន្រ្តីរបស់លោកឲ្យរៀបចំការផ្ទេរអំណាច។ លោក ណេតាន់យ៉ាហ៊ូ នឹងមានពេល២៨ថ្ងៃ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីរបស់លោក ដែលគេរំពឹងថានឹងក្លាយជារដ្ឋាភិបាលស្តាំនិយមបំផុត ក្នុងប្រវត្តិសាស្រ្តរបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា លោក បិនចាមីន ណេតាន់យ៉ាហ៊ូ ធ្លាប់ជានាយករដ្ឋមន្រ្តីអ៉ីស្រាអែលរយៈពេល១២ឆ្នាំ នៅចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០២១។ ជ័យជម្នះនេះតំណាងឲ្យការត្រលប់មកវិញនូវវត្តមានអតីតនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ដូចកាលពីចន្លោះឆ្នាំ១៩៩៦ និងឆ្នាំ១៩៩៩ ដែរ៕