(សេអ៊ូល)៖ ការធ្វើសមយុទ្ធយោធារបស់ក្រុមសម្ព័ន្ធមិត្តលើដែនផ្ទៃសមុទ្ទក្បែរដែនឧបទ្វីបកូរ៉េ បានបង្កក្តីខឹងសម្បារដល់កូរ៉េខាងជើងជាខ្លាំង។ មីស៊ីលបាញ់ ជាបន្តបន្ទាប់ដោយកូរ៉េខាងជើង បានធ្វើឡើងក្នុងសប្តាហ៍នេះ ខណៈដែលកូរ៉េខាងត្បូងបានធ្វើការបាញ់មីស៊ីលតបតទៅវិញ និងបង្កភាពកាន់តែតានតឹងខ្លាំង ក្នុងតំបន់។ នៅថ្ងៃព្រហស្បតិ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះទៀត កូរ៉េខាងជើងបានបន្តបាញ់គ្រាប់មីស៊ីលជាបន្ថែមដែលក្នុងនោះរួមមាន គ្រាប់មីស៊ីលបាលីស្ទីកឆ្លងទ្វីប ICBM ថែមទៀត។

ភាពតានតឹងបានកើតឡើងសាជាថ្មីដោយសារតែការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក ជាមួយនឹងប្រទេសសម្ព័ន្ធមិត្តដែលរួមមានទាំងកូរ៉េខាងត្បូង ផងដែរនោះ បានបង្កការក្តៅក្រហាយខឹងសម្បារពីកូរ៉េខាងជើង។ កាលពីថ្ងៃពុធ កូរ៉េខាងជើងបានបាញ់មីស៊ីលច្រើនដល់ ២៣គ្រាប់ក្នុងនោះ ១៧គ្រាប់បាញ់ ពេលព្រឹក និង៦គ្រាប់បាញ់ពេលរសៀលដែលជាចំនួនច្រើនបំផុតក្នុងមួយថ្ងៃដែលមិនធ្លាប់កើតមានពីមុននោះមកឡើយ។ ក្រៅពីការបាញ់មីស៊ីលទាំង២៣ គ្រាប់នោះ កូរ៉េខាងជើងត្រូវគេរាយការណ៍ថា នៅបានបាញ់កាំភ្លើងត្បាល់របស់ខ្លួនប្រមាណមួយរយគ្រាប់បន្ថែមទៀត។

ដោយឡែក នៅថ្ងៃព្រហស្បតិ៍ទី៣ ខែវិច្ឆិកានេះទៀត កូរ៉េខាងជើងបានបន្តបាញ់មីស៊ីលបាលីស្ទីក ជាច្រើនគ្រាប់ថែមទៀត ដែលក្នុងរួមមានការបាញ់មួយគ្រាប់ លើកដំបូងដែលបានធ្វើឱ្យប្រទេសមានការភ្ញាក់ផ្អើលជាខ្លាំង។ ប្រទេសជប៉ុនស្មានថាមានមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង បានបាញ់រំលងប្រទេសរបស់ខ្លួន ថែមទៀត។ កូរ៉េខាងជើងធ្លាប់បានបាញ់មីស៊ីលផ្លោងពីលើប្រទេសជប៉ុនជាលើកដំបូងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដែលជាការបាញ់រំលងលើកដំបូង បំផុតក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

ដូច្នេះ ការបាញ់មីស៊ីលបាលីស្ទីកនៅថ្ងៃព្រហស្បតិ៍នេះ បានជម្រុញឱ្យប្រទេសជប៉ុនត្រូវប្រកាសប្រាប់ពលរដ្ឋរបស់ខ្លួនត្រូវប្រុងប្រយ័ត្ននៃគ្រាប់មីស៊ីលបាលីស្ទីក ដែលហោះរំលងប្រទេស។ រដ្ឋាភិបាលជប៉ុន បានជូនដំណឹងឱ្យពលរដ្ឋជប៉ុនភាគខាងជើង និងភាគកណ្តាលប្រទេស ត្រូវប្រញាប់ស្វែងរកទីជម្រកពួននៅក្នុង ផ្ទះរៀងៗខ្លួន ប៉ុន្តែក្រោយមក រដ្ឋាភិបាលក្រុងតូក្យូ បានធ្វើការកែតម្រូវវិញ ដោយបញ្ជាក់ថាមីស៊ីលបាលីស្ទីកនោះ មិនបានហោះរំលងប្រទេសជប៉ុនឡើយ។

ការបាញ់គ្រាប់មីស៊ីលបាលីស្ទីកថ្ងៃទី៣ ខែវិច្ឆិកានេះ គឺនៅបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលសាកល្បងចំនួន២៣គ្រាប់កាលពីម្សិលមិញ ដែលជាការបាញ់ ដ៏ច្រើនបំផុតក្នុងមួយថ្ងៃដែលមិនធ្លាប់កើតមាន។ ការបាញ់ពីម្សិលមិញ មានមួយគ្រាប់បានបាញ់ធ្លាក់ចូលក្នុងដែនទឹកនៃប្រទេសកូរ៉េខាងត្បូង ធ្លាក់ក្នុងដែនទឹក ក្បែរកោះមួយរបស់កូរ៉េខាងត្បូងឈ្មោះកោះកោះអ៊ូឡឹង Ulleung Island ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។

ការបាញ់មីស៊ីលដ៏ច្រើនរបស់កូរ៉េខាងជើងកាលពីថ្ងៃពុធ រួមមានមួយគ្រាប់បានធ្លាក់ចូលក្នុង ដែនទឹកកូរ៉េខាងត្បូង ចម្ងាយប្រមាណជិត៦០គីឡូម៉ែត្រពី ឆ្នេរសមុទ្ទរបស់កូរេខាងត្បូង។ ការបាញ់ធ្លាក់ក្នុងដែនទឹកកូរេខាងត្បូងនេះ បានធ្វើឱ្យពលរដ្ឋលើកោះអ៊ូឡឹង Ulleung Island ដែលមានចំនួនប្រមាណ ៩ពាន់នាក់ មានក្តីព្រួយបារម្ភ។

សម្លេងស៊ីរ៉ែន និងការព្រមានប្រុងប្រយ័ត្ន បានបន្លឺឡើងនៅលើកោះជាមួយការដាស់តឿនពលរដ្ឋនៅលើកោះមិនត្រូវធ្វើដំណើរចាកចេញឡើយ។ ពលរដ្ឋ ត្រូវបានគេអំពាវនាវប្រញាប់ចូលពួនក្នុងលេណដ្ឋាននៅក្រោមដីបង្កាក្រែងមានការវាយប្រហារណាមួយនឹងអាចមានមកដល់។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានហៅការបាញ់នោះថាជា «ការទន្ទ្រានទឹកដី» ខណៈពីសហរដ្ឋអាមេរិកនោះវិញ បានថ្កោលទោសថាវាជាការបាញ់ដោយគ្មានការ ក្រែងរអែង។ មន្ត្រីនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្លែងថាចាប់តាំងពីម៉ោង៨ និង៥១នាទីព្រឹក ថ្ងៃទី២វិច្ឆិកា, កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីល បាលីស្ទីកចំនួន៣គ្រាប់ និងមួយគ្រាប់បានធ្លាក់ក្នុងដែនសមុទ្ទខាងកើតចូលមកក្នុងភាគខាងត្បូងនៃតំបន់ខ្សែគំនូសព្រំដែនខាងជើង។

មន្ត្រីយោធាដដែលបញ្ជាក់ថាការបាញ់របស់កូរ៉េខាងជើងនៅថ្ងៃទី២ ខែវិច្ឆិកា គឺជាលើកដំបូងដែល មានគ្រាប់ធ្លាក់ចូលក្នុងដែនបូរណភាពនៃទឹកដីរបស់ កូរ៉េខាងត្បូងដែលកូរ៉េខាងត្បូង និងមិនអាចទទួលយកបានឡើយ។ មន្ត្រីយោធានោះនិយាយថា ផ្នែកយោធាកូរេខាងត្បូងនឹងត្រូវធ្វើការឆ្លើយតបរបស់ខ្លួន ទៅវិញ។ កូរ៉េខាងត្បូង បានធ្វើការតបតទៅវិញ ដោយបានបញ្ជាការហោះឡើងយន្តហោះប្រយុទ្ធ និងបាញ់គ្រាប់មីស៊ីលពីលើផ្ទៃអាកាសចំនួន៣គ្រាប់ចូលក្នុង តំបន់ក្បែរដែនទឹកកូរេខាងជើងវិញ។

កាលពីថ្ងៃពុធនោះ ក្រៅពីការបាញ់មីស៊ីល២៣គ្រាប់, កូរ៉េខាងជើង នៅបានបាញ់គ្រាប់កាំភ្លើងផ្លោងប្រមាណមួយរយគ្រាប់ថែមទៀតដាក់ចូល ក្នុងតំបន់ដែនសមុទ្ទ។ នេះជាការប្រឈមមុខដាក់គ្នាក្នុងទ្រង់ទ្រាយមួយដែលមិនធ្លាប់កើតមានទេចាប់តាំងពីមានការបែងចែកប្រទេស កូរេជាពីរដាច់ពីគ្នានោះមក។ ប្រតិកម្មបាញ់មីស៊ីល និងកាំភ្លើងផ្លោងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង គឺដើម្បីទាមទារឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវបញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំក្នុងដែនសាគរនៃឧបទ្វីបកូរ៉េ។

ក្រុមនៃប្រទេសសម្ព័ន្ធមិត្ត ត្រូវគេរាយការណ៍ថា បានធ្វើសមយុទ្ធដែនអាកាសដ៏ធំបំផុតមួយ ដែលបង្កការខឹងសម្បារដល់កូរេខាងជើង។ សមយុទ្ធនោះ គឺជាសមយុទ្ធទ្រង់ទ្រាយធំដែលមិនធ្លាប់មានកាលពីមុន ដោយមានយន្តហោះចម្បាំងរាប់រយគ្រឿងរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចូលរួម ក្នុងនោះមាន ទាំងយន្តហោះចម្បាំង F-35 ជាច្រើននៅក្នុងនោះថែមទៀត។ សមយុទ្ធយោធានោះត្រូវគេបញ្ជាក់ថាមានការចូលរួមពីយន្តហោះចម្បាំងចំនួន ២៤០គ្រឿង និងទាហានជាច្រើនពាន់នាក់ទៀតបានចូលរួម។ នាយកទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានធ្វើប្រតិកម្មថ្កោលទោសភ្លាមៗចំពោះសកម្មភាពបាញ់មីស៊ីល របស់កូរ៉េខាងជើងនាពេលនោះ។

នាយកទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក គីម ស៊ុងហាន់ បានថ្លែងថាកូរ៉េខាងជើង គឺជាប្រទេសដែលបង្កនូវភាពតានតឹងក្នុងដែនឧបទ្វីបកូរ៉េ ដោយបាន ពង្រឹងនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននិងបង្កអំពើញុះញង់។ លោកថាសកម្មភាពនេះមិនអាចទទួលយកបានឡើយ ហើយកូរ៉េខាងជើងត្រូវតែទទួលខុសត្រូវ វិញ។ កូរ៉េខាងត្បូងបាននិយាយទៀតថាសមយុទ្ធនោះគឺជា «ការបង្កហេតុផ្នែកយោធាដែលមិនអាចអត់ឱនឱ្យបានឡើយ»។ អំពើបាញ់មីស៊ីលដ៏ច្រើនកាលពី ថ្ងៃពុធនោះ បានធ្វើប្រទេសជិតខាងដូចជាជប៉ុន, ចិន និងរុស្ស៊ី ជាដើមបានប្រតិកម្ម។ ប្រទេសចិនបានអំពាវនាវសូមឱ្យមានសន្តិភាព និងស្ថិរភាព, ប្រទេសរុស្ស៊ី បានអំពាវនាវភាគីទាំង២នូវភាពអត់ធ្មត់និងស្ងប់ស្ងាត់ ប៉ុន្តែប្រទេសជប៉ុន បានថ្លែងថាទង្វើ របស់កូរ៉េខាងជើងមិនអាចអត់ឳនឱ្យបានឡើយ។

បន្ទាប់ពីមានប្រតិកម្មរបស់ជប៉ុន កាលពីថ្ងៃពុធ, មីស៊ីលបាលីស្ទីករបស់កូរេខាងជើងបានបាញ់បន្តមកទៀតនៅថ្ងៃព្រហស្បតិ៍ទី៣ ខែវិច្ឆិកា។
ប្រព័ន្ធផ្សព្វផ្សាយអាសន្ន J-Alert របស់ជប៉ុន បានជួនដំណឹងដល់ប្រជាជននៃ ខេត្ត Miyagi, Yamagata និង Niigata នៅភាគខាងជើងប្រទេសជប៉ុន ឱ្យស្ថិតលាក់ខ្លួននៅក្នុងផ្ទះក្នុងពេល ដែលមានការបាញ់មីស៊ីលបាលីស្ទីករបស់កូរេខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានថ្លែងថាមីស៊ីលទីមួយបានហោះទៅលើអាកាសរយៈកម្ពស់ប្រហែល ២០០០ គីឡូម៉ែត្រ និងរយៈចម្ងាយ ៧៥០ គីឡូម៉ែត្រ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា «ការបាញ់មីស៊ីលម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង គឺជារឿងដែល ក្តីក្រហាយ និងមិនអាចលើកលែងបានជាដាច់ខាត»។ មីស៊ីលបាលីស្ទីកបាញ់លើកទី១ ត្រូវគេចាត់ទុកថាជាមីស៊ីលបាលីស្ទីកបាញ់រយៈចម្ងាយឆ្ងាយ ហោះរំលងទ្វីប ICBM Intercontinental Ballistic Missile ។ សេនាធិការដ្ឋានកូរ៉េខាងត្បូង បានថ្លែងថាមីស៊ីល ICBM នោះបានបាញ់ចេញពីក្បែររដ្ឋធានី ព្យុងយ៉ាងរបស់កូរេខាងជើង។ ការបាញ់មីស៊ីលទី២ និងមីស៊ីលទី៣របស់កូរ៉េខាងជើង បានធ្វើឡើងប្រមាណកន្លះម៉ោងក្រោយ ការបាញ់មីស៊ីលបាលីស្ទីក ICBM នោះរួចមក។ មីស៊ីលបាញ់២ចុងក្រោយ គឺជាមីស៊ីលរយៈ ចម្ងាយខ្លី ដែលបានបាញ់ចេញពីតំបន់ Kaechon ភាគខាងជើងនៃក្រុងព្យុងយ៉ាង។

ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង ត្រូវគេបារម្ភនឹងការប្រឈមហានិភ័យសង្គ្រាម ដោយសារខ្លាចក្រែងភាគីណាមួយខ្វះភាពអត់ធ្មត់បង្កហេតុ។ កូរ៉េខាងជើងបានទាមទារឱ្យសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តត្រូវបញ្ឈប់នូវការធ្វើសមយុទ្ធ ដែលក្រុងព្យុងយ៉ាងចាត់ទុកថាសមយុទ្ធនោះគឺការបង្កហេតុ ផ្នែកយោធា និងការចង់ឈ្លានពានមកលើកូរ៉េខាងជើង។ កូរ៉េខាងជើង បានព្រមានក្នុងសប្តាហ៍នេះថា គេមិនអាចអត់ឱនបានឡើយ «ចំពោះការធ្វើសមយុទ្ធ យោធារបស់សហរដ្ឋអាមេរិកជាមួយនឹងកូរ៉េខាងត្បូងនោះ»

រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថាបើសិនជាសហរដ្ឋអាមេរិក ចចេសបន្តក្នុងការបង្កហេតុយោធា, កូរ៉េខាងជើងនឹងចាត់វិធានការ បន្តនូវឥទ្ធិពលយោធារបស់ខ្លួនជាបន្តបន្ទាប់ដើម្បីធ្វើការប្រឆាំងតបត។ នៅជាមួយគ្នានេះផងដែរ មន្ត្រីយោធាកូរេខាងត្បូង បាននិយាយនៅ ក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ខ្លួនតបមកវិញថា «យោធារបស់កូរ៉េខាងត្បូង» ក៏នឹងមិនអាចអត់ធ្មត់ចំពោះទង្វើបង្កហេតុរបស់កូរ៉េខាងជើងបែបនោះ ឡើយ ហើយគេនឹងឆ្លើយតបយ៉ាងតឹងរ៉ឹង និងរឹងមាំក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានថ្លែងប្តេជ្ញាក្នុងសប្តាហ៍នេះក្នុងសភារបស់ខ្លួនថា កូរ៉េខាងត្បូងនឹងពង្រឹងការប្រឆាំងរបស់ខ្លួនចំពោះ កូរ៉េខាងជើង ជាមួយការពង្រឹងលទ្ធភាពច្រើនលើសលុបតាមរយៈ ការរួមគ្នាជំហរការពាររវាងសហរដ្ឋអាមេរិក ​និងកូរ៉េខាងត្បូង និងតាមរយៈ កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី សហរដ្ឋអាមេរិក, ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីនឹងធ្វើឱ្យប្រជាជនកូរ៉េអាចបន្ត ជីវភាពប្រចាំថ្ងៃដោយមិនមានក្តីព្រួយបារម្ភ។ បើសិនជាភាគីនីមួយៗបានសំអាងនូវហេតុផលមិនព្រមដកថយយ៉ាងនេះ តើអនាគតនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងអាចក្លាយជាយ៉ាងណា?