(ប៉េកាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) និងប្រតិភូថ្នាក់ដឹកនាំធុរកិច្ចរបស់លោកបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ នៅព្រឹកថ្ងៃសុក្រនេះ ក្នុងនាមជាមេដឹកនាំនៃក្រុមប្រទេស G7 មួយរូប ដែលបានបំពេញទស្សនកិច្ចជាលើកដំបូងក្នុងប្រទេសចិន នារយៈពេលជាង ៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក សូលស៍ និងប្រតិភូអាល្លឺម៉ង់ បានឆ្លងកាត់ធ្វើតេស្ដរកកូវីដ១៩ នៅពេលចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងប៉េកាំង។ បើតាមប្រភពពីក្រុមមន្រ្តី អាល្លឺម៉ង់ លោក សូលស៍ នឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ព្រមទាំងនាយករដ្ឋមន្ត្រីចាំផ្ទះ លោក លី ឃឺជាំង ហើយលោកក៏ត្រូវ បានគេរំពឹងដែរថានឹងលើកឡើងពីបញ្ហាសិទ្ធិមនុស្ស តៃវ៉ាន់ និងផលវិបាករបស់ក្រុមហ៊ុនអាល្លឺម៉ង់ ក្នុងការចូលទីផ្សារចិន នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំចិន នាឱកាសនៃការបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ខណៈអាល្លឺម៉ង់កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងអតិផរណា លោក អូឡាហ្វ សូលស៍ អាចនឹងសម្លឹងមើលលើការ ផ្តោតជាសំខាន់ពីតម្រូវការចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការជាមួយចិន៕