(តូក្យូ)៖ សារព័ត៌មានជប៉ុន សាន់កៃ (Sankei) នៅថ្ងៃសុក្រនេះបានរាយការណ៍ថារដ្ឋាភិបាលចិន និងជប៉ុន បានចាប់ផ្ដើមផែនការរៀបចំជំនួបរវាង នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ (Fumio Kishida) និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅពាក់កណ្ដាលខែវិច្ឆិកានេះ។ នេះបើតាមការដក ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីជប៉ុន សារព័ត៌មាន Sankei ជំនួបរវាងលោក គីស៊ីដា និងលោក ស៊ី ជិនពីង អាចនឹងធ្វើឡើងនាឱកាស ដែលមេដឹកនាំាទាំង២ ចូលរួមក្នុងកិច្ចប្រជុំកំពូលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំទាំងនេះក្នុងនោះរួមមានកិច្ចប្រជុំកំពូល G20 រៀបចំឡើងនៅក្នុង ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា និងកិច្ចប្រជុំ APEC ក្នុងទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។

គួរបញ្ជាក់ថា ជំនួបទល់មុខលើកចុងក្រោយបំផុតរវាងមេដឹកនាំចិន និងជប៉ុន ធ្វើឡើងកាលពីឆ្នាំ២០១៩ នៅពេលដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ជួបជាមួយលោក ស៊ី ជិនពីង ក្នុងទីក្រុងប៉េកាំង។ លោក ស៊ី ជិនពីង ក៏ធ្លាប់មានគម្រោងបំពេញទស្សនកិច្ចនៅជប៉ុន កាលពីឆ្នាំ២០២០ផងដែរ តែគម្រោងនេះត្រូវបានលុបចោល ដោយសារ COVID-19៕