(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានននិយាយថាកងកម្លាំងអ៊ុយក្រែនអាចនឹងវាយដណ្ដើមយកតំបន់ ខឺសុន (Kherson) ដែលជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ស្ថិតនៅភាគខាងត្បូងនៃប្រទេស ពីកងទ័ពរុស្ស៉ីមកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក អូស្ទីន ធ្វើឡើងនៅចំពេលដែលក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៉ី នៅក្នុងតំបន់ខឺសុន បាននិយាយថាទីក្រុងមូស្គូទំនងជា នឹងដកកងទ័ពរបស់ខ្លួនចេញពីច្រាំងខាងលិចនៃទន្លេឌីនីប្រូ (Dnipro) ដែលនេះជាសញ្ញាមួយនៃការដកថយ ប្រសិនបើព័ត៌មាននេះត្រូវបានទទួលស្គាល់ មែននោះ។

ប៉ុន្តែ លោក អូស្ទីនមិនបានឆ្លើយតបទៅនឹងសំណួរថាតើកងកម្លាំងរុស្ស៉ីពិតជាកំពុងត្រៀមខ្លួនដកថយ ឬចាកចេញពីតំបន់ខឺសុន ឬយ៉ាងណានោះទេ ដោយ គ្រាន់តែបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅឯមន្ទីរបញ្ចកោណនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កងកម្លាំងអ៊ុយក្រែនមានសមត្ថភាពវាយដណ្ដើមយកតំបន់ ខឺសុនពីរុស្ស៉ីមកវិញ។ «ជុំវិបញ្ហាថាតើកងកម្លាំងអ៊ុយក្រែនអាចវាយយកទឹកដី ដែលនៅសេសសល់នៃច្រាំងខាងលិចទន្លេឌីនីប្រូ និងក្នុងតំបន់ខឺសុន មកវិញ ដែរឬក៏យ៉ាងណា ខ្ញុំជឿជាក់ថាពួកគេមានសមត្ថភាពអាចធ្វើបាន»។ នេះជាការបញ្ជាក់របស់លោក អូស្ទីន។

គួរបញ្ជាក់ថា ក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៉ី នៅក្នុងតំបន់ខឺសុន បាននិយាយថាទីក្រុងមូស្គូទំនងជានឹងដកកងទ័ពរបស់ខ្លួនចេញពីច្រាំងខាងលិចនៃ ទន្លេឌីនីប្រូ ហើយក៏បានជំរុញឱ្យជនស៊ីវិលចាកចេញផងដែរ ដែលនេះត្រូវបានគេមើលឃើញថាអាចជាសញ្ញាដកថយ។ ប៉ុន្តែ អ៊ុយក្រែន និងក្រុមអ្នកវិភាគ ខ្លះនៅតែបន្តការប្រុងប្រយ័ត្ន ដោយបារម្ភខ្លាចថានេះអាចជាអន្ទាក់របស់រុស្ស៉ី៕