(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ជឿជាក់ថាចិន និងរុស្ស៉ី មានឥទ្ធិពលអាចបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើង កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ នៅចំពោះមុខភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រីអាមេរិកម្នាក់ ដែលថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថាសហរដ្ឋអាមេរិកធ្លាប់បានសន្និដ្ឋានចាប់តាំងពីខែឧសភា មកថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើតេស្ដបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក ប៉ុន្តែគ្មាននរណាម្នាក់ ដឹងច្បាស់ថាតើការធ្វើតេស្ដនេះអាចនឹងធ្វើឡើងនៅពេលណាឱ្យប្រាកដ ក្រៅតែពីលោក គីម ជុងអ៊ុននោះទេ។ យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញរុស្ស៉ី និងចិនធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ហើយជាការពិតណាស់ រុស្ស៉ី និងចិនមានឥទ្ធិពលលើ កូរ៉េខាងជើង។ នេះជាការបញ្ជាក់បន្ថែមរបស់មន្ត្រីអាមេរិករូបខាងលើដដែល។

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបាញ់សាកល្បងមីស៊ីល៣គ្រាប់ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM តែ មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាង ២០គ្រាប់កាលពីថ្ងៃពុធ៕