(វ៉ាស៊ីនតោន)៖ ដោយព្រមានថាលទ្ធិប្រជាធិបតេយ្យខ្លួនឯងកំពុងស្ថិតក្នុងគ្រោះថ្នាក់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីយប់ថ្ងៃពុធ បានអំពាវនាវឱ្យប្រជាជនអាមេរិកប្រើប្រាស់សន្លឹកឆ្នោតរបស់ពួកគេ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសប្តាហ៍ក្រោយ ប្រឆាំងនឹងការភូតកុហក អំពើហឹង្សា និងអ្នករំខានការបោះឆ្នោតដ៏គ្រោះថ្នាក់ (របស់ក្រុមអ្នកគាំទ្រលោកត្រាំ) ដែលកំពុងព្យាយាមស្តាការបរាជ័យរបស់ពួកគេកាលពីឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា នេះមិនមែនជាពេលដែលត្រូវឈរមួយឡែកទេ «ភាពស្ងៀមស្ងាត់គឺជាបញ្ហា»។
លោក បៃដិន បានបន្តថា ប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេស កំពុងស្ថិតក្រោមការគំរាមកំហែង ពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបដិសេធការបោះឆ្នោត និងបានបំផុសឲ្យមានអំពើហិង្សា។
ក្នុងសុន្ទរកថាមួយ ប៉ុន្មានថ្ងៃមុននឹងសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ជាពេលដែលប្រជាជនអាមេរិក ត្រូវធ្វើការសម្រេចចិត្តថាតើ គណបក្សប្រជាធិបតេយ្យនៅតែអាចបន្តគ្រប់គ្រងសភាទាំង២ ឬក៏ដល់វេនគណបក្សសាធារណរដ្ឋត្រឡប់មកគ្រប់គ្រងវិញម្ដង លោក បៃដិន បានគូសបញ្ជាក់ ដូច្នេះថា «សូមកុំបង្កើតកំហុស, លទ្ធិប្រជាធិបតេយ្យគឺនៅលើសន្លឹកឆ្នោតរបស់យើងទាំងអស់គ្នា។ រឿងរាវដែលបានកើតឡើង វាជាភស្តុតាងដែលថា លទ្ធិប្រជាធិបតេយ្យអាមេរិកស្ថិតនៅក្រោមការគំរាមកំហែង រយៈពេលតិចជាង២ឆ្នាំ បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ ខណៈលោក បៃដិន កំពុងប្រឈមមុខ នឹងលទ្ធភាពដែលគណបក្សសាធារណរដ្ឋ អាចនឹងឈ្នះការគ្រប់គ្រងលើសភាតំណារាស្ត្រអាមេរិក ឬព្រឹទ្ធសភា ឬក៏អាចគ្រប់សភាទាំង២ឡើងវិញ ក៏ថាបាន៕