(ព្រុចសែល)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានច្រានចោលការអំពាវនាវរបស់រុស្ស៉ី សម្រាប់ការស៊ើបអង្កេតអន្តរជាតិលើការអះអាងដែលថា សហរដ្ឋអាមេរិកបានប្រើប្រាស់មន្ទីរពិសោធនៅអ៊ុយក្រែន ដើម្បីបង្កើតអាវុធជីវសាស្ត្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រទេសចិនគាំទ្រការស្នើឡើងរបស់រុស្ស៉ីខាងលើនេះ ប៉ុន្តែសហរដ្ឋអាមេរិក អង់គ្លេស បារំាង បានបោះឆ្នោតជំទាស់ ហើយសមាជិកនៃក្រុមប្រឹក្សាសន្តិសុខចំនួន១០ទៀត បានធ្វើអនុបវាទ។ កំលុងពេលបោះឆ្នោតនាថ្ងៃពុធសប្តាហ៍នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ UN លោកស្រី លីនដា ថមម៉ាស់ គ្រីនហ្វៀល បានអះអាងថា សំណើរបស់រុស្ស៊ីសម្រាប់ការស៊ើបអង្កេតគឺ «ផ្អែកលើព័ត៌មានមិនពិត គ្មានភាពស្មោះត្រង់ គ្មានទំនុកចិត្ត និងការខ្វះការគោរពទាំងស្រុង ចំពោះស្ថាប័ននេះ»។

ដោយឡែក លោក ឌីមីទ្រី ប៉ូលយ៉ាន់ស្គី (Dmitry Polyansky) ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅ UN បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការបោះឆ្នោតនេះ។ បណ្តាប្រទេសលោកខាងលិចមានការភ័យខ្លាច ចំពោះការស៊ើបអង្កេតជាអន្តរជាតិលើបញ្ហានេះ។

គួរបញ្ជាក់ថា រុស្ស៊ី បានចោទប្រកាន់អាមេរិក និងអ៊ុយក្រែន ថាបានរំលោភលើអនុសញ្ញាអន្តរជាតិឆ្នាំ១៩៧២ ដែលហាមប្រាមការអភិវឌ្ឍ ការផលិត និងការស្តុកទុកអាវុធជីវសាស្ត្រ តាមរយៈការបង្កើតមន្ទីរពិសោធជាច្រើននៅអ៊ុយក្រែន និងកំពុងធ្វើការលើកម្មវិធីសម្ងាត់ «ជីវសាស្ត្រយោធា»។ ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងកៀវ បានច្រានចោលការចោទប្រកាន់នេះ ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចការដែលមន្ទីរពិសោធកំពុងធ្វើគឺជា «ការស្រាវជ្រាវបែបវិទ្យាសាស្ត្រធម្មតា» ប៉ុណ្ណោះ៕