(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះ កងទ័ពអាកាសកូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងអូសបន្លាយថែមទៀត នូវការធ្វើសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំ ដែលកំពុងធ្វើឡើងជាមួយសហរដ្ឋអាមេរិក ដោយសារតែអ្វីដែលទីក្រុងសេអ៊ូល ហៅថាជា «ការបង្កហេតុ» នាពេលថ្មីៗនេះ របស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។
«កងទ័ពអាកាសកូរ៉េខាងត្បូង-អាមេរិក បានឯកភាពគ្នាអូសបន្លាយការធ្វើសមយុទ្ធ វីជីលែន ស្តូម (Vigilant Storm) ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៣១ ខែតុលា ចំពោះមុខសកម្មភាពបង្កហេតុថ្មីៗនេះ របស់កូរ៉េខាងជើង»។ កងទ័ពអាកាសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នោះ នៅប៉ុន្មានម៉ោងបន្ទាប់ពី កូរ៉េខាងជើងបានបាញ់តេស្ត មីស៉ីលបាលិស្ទីគចំនួន៣គ្រាប់ទៀត នាថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះមាន១គ្រាប់ជាប្រភេទ ICBM ប៉ុន្តែកូរ៉េខាងត្បូងអះអាងថា ការបាញ់តេស្ត ICBM ហាក់ទទួលបរាជ័យ។
គួរបញ្ជាក់ថា រីឯកាលពីថ្ងៃពុធសប្តាហ៍នេះវិញ ទីក្រុងព្យុងយ៉ាងក៏បានបាញ់សាកល្បងមីស៉ីលចម្រុះប្រភេទជាង២០គ្រាប់ផងដែរ ក្នុងនោះរួមមានទាំងមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លី ហើយ១គ្រាប់បានធ្លាក់ទៅចំក្បែរ ដែនទឹករបស់កូរ៉េខាងត្បូង ជាលើកដំបូងថែមទៀតផង។ សម្រាប់ការអូសបន្លាយពេល នៃការធ្វើសមយុទ្ធយោធា Vigilant Storm គឺមិនត្រូវបានយោធាកូរ៉េខាងត្បូង បញ្ជាក់ច្បាស់ថា នឹងបន្តដល់ពេលណាឡើយ ខណៈតាមការកំណត់ដំបូង គឺវាគ្រោងបញ្ចប់ទៅវិញនៅថ្ងៃសុក្រសប្តាហ៍នេះ។ សមយុទ្ធនោះ មានការចូលរួមពីយន្តហោះសរុប២៤០គ្រឿង ដែលជាសមយុទ្ធទ័ពអាកាសធំបំផុត រវាងសម្ព័ន្ធមិត្តទាំងពីរ៕