(ម៉ានីល)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា តួលេខនៃមនុស្សបាត់បង់ជីវិត ដោយសារតែព្យុះត្រូពិច ណាល់ហ្គែ (Nalgae) ដែលបានបង្កឱ្យមានទឹកជំនន់និងបំណាក់ដី នៅទូទាំងប្រទេសអាស៊ានមួយនេះ គឺបានបន្តកើនដល់១៥០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។
មនុស្សច្រើនជាង៣៥៥,៤០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាន នៅពេលព្យុះត្រូពិចដ៏ខ្លាំងខាងលើ បានបោកបក់ឆ្លងកាត់ប្រទេសហ្វីលីពីនកាលពីចុងសប្តាហ៍កន្លងទៅ។ ក្នុងចំណោមអ្នកស្លាប់ទាំង១៥០នាក់ គឺ៦៤នាក់ត្រូវបានកត់ត្រានៅក្នុងតំបន់បាំងសាម៉ូរ៉ូ (Bangsamoro) នៃកោះមិនដាណាវ (Mindanao) ភាគខាងត្បូងប្រទេស ជាទីដែលគ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី បានបំផ្លិចបំផ្លាញភូមិឋានជាច្រើនកន្លែង។ ក្រៅពីនេះមនុស្សយ៉ាងហោច១២៨នាក់ បានរងរបួស និង៣៦នាក់នៅបន្តបាត់ខ្លួន។
គួរបញ្ជាក់ថា កោះ Mindanao គឺកម្រនឹងរងការវាយប្រហារណាស់ ដោយព្យុះប្រហែល២០ ដែលតែងតែវាយប្រហារលើហ្វីលីពីន ជារៀងរាល់ឆ្នាំ ប៉ុន្តែព្យុះណាដែលវាយប្រហារចំតំបន់នេះហើយ គឺជារឿយៗបានបង្កការខូចខាត និងផ្តាច់ជីវិតមនុស្សច្រើនខ្លាំង បើធៀបនឹងនៅកោះលូហ្សូន (Luzon) ភាគខាងជើង ឬក៏តំបន់ភាគកណ្តាលនៃប្រទេសហ្វីលីពីន។ នៅថ្ងៃព្រហស្បតិ៍នេះ ព្យុះ Nalgae បានទៅដល់ទីក្រុងជូហៃ (Zhuhai) នៃខេត្តក្វាងទុង (Guangdong) ប្រទេសចិន៕