នាយករដ្ឋមន្រ្តីហ្វាំងឡង់ ទទូចតួកគីនិងហុងគ្រីអនុម័តឱ្យបានឆាប់ ចំពោះពាក្យសុំចូល NATO របស់ហ្វាំងឡង់និងស៊ុយអែត (Video inside)
01-11-2022 17:54
(ហែលស៉ិនគី)៖ នាយករដ្ឋមន្រ្តីនៃប្រទេសហ្វាំងឡង់ លោកស្រី សានណា ម៉ារីន (Sanna Marin) នៅថ្ងៃអង្គារនេះ បានទទូចឱ្យហុងគ្រីនិងតួកគី ផ្តល់ការអនុម័តឱ្យបានឆាប់រហ័ស ចំពោះការស្នើសុំរបស់ហ្វាំងឡង់ផ្ទាល់ និងរបស់ស៊ុយអែត សម្រាប់ចូលជាសមាជិកអង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ ក្រុមមេដឹកនាំដទៃទៀតនៃតំបន់អឺរ៉ុបខាងជើង លោកស្រី ម៉ារីន បាននិយាយដូច្នេះថា «ក្រសែភ្នែកអន្តរជាតិនាពេលនេះ កំពុងសម្លឹងមើលលើហុងគ្រីនិងតួកគី។ យើងកំពុងរង់ចាំប្រទេសទាំងពីរ ផ្តល់សច្ចាប័នចំពោះពាក្យស្នើសុំចូលជាសមាជិករបស់យើង។ ខ្ញុំយល់ថាវារឿងសំខាន់ ដែលការផ្តល់សច្ចាប័នកើតឡើង ក្នុងពេលឆាប់ៗ»។
គួរបញ្ជាក់ថា ហ្វាំងឡង់និងស៊ុយអែត បានដាក់ពាក្យជាផ្លូវការ ដើម្បីចូលជាសមាជិក NATO កាលពីខែឧសភា ឆ្នាំ២០២២នេះ ឆ្លើយតបចំពោះសង្រ្គាមឈ្លានពាន របស់រុស្ស៉ីលើអ៊ុយក្រែន ប៉ុន្តែបានជួបឧបសគ្គរារាំងពីតួកគី ដែលបានចោទប្រទេសទាំងពីរថា ផ្តល់កន្លែងជ្រកកោនដល់ ក្រុមដែលខ្លួនចាត់ទុកជាពួកភេរវករ។
មកទល់ពេលនេះ តួកគីហើយនិងហុងគ្រី ដែលជាសមាជិក NATO ពីរចុងក្រោយគេ ដែលមិនទាន់ផ្តល់សច្ចាប័នលើការទទួលយកហ្វាំងឡង់និងស៊ុយអែត ឱ្យចូលរួមក្នុងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ខណៈសមាជិកចំនួន២៨ផ្សេងទៀត បានផ្តល់សច្ចាប័នរួចរាល់អស់ហើយ៕