(ណៃពិដោ)៖ ទីភ្នាក់ងារព័ត៌មានឯករាជ្យ អ៉ីរ៉ាវ៉ាដឌី (The Irrawaddy) នៅឯប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា របបយោធាបានសម្រេចបញ្ជាឱ្យបិទ និងដកហូតសិទ្ធិផ្សព្វផ្សាយរបស់បណ្តាញព័ត៌មាននេះជាផ្លូវការ កាលពីសប្តាហ៍មុន បន្ទាប់ពីខ្លួនបានទទួលរង ការធ្វើទុក្ខបុកម្នេញក្នុងទម្រង់ជា ការប្តឹងផ្តល់ ការចុះឆែកឆេរ និងការចាប់ខ្លួន ជាដើម អស់រយៈពេលជាច្រើនខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាម Irrawaddy ផ្ទាល់ ក្រសួងព័ត៌មាននៃរបបយោធាមីយ៉ាន់ម៉ា បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ទីភ្នាក់ងារព័ត៌មាននេះត្រូវបានហាមឃាត់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយអាជ្ញាបណ្ណផ្សព្វផ្សាយ ត្រូវបានដកហូតជាផ្លូវការ ចាប់តាំងតែពី ថ្ងៃពុធសប្តាហ៍ដដែល ក្រោមហេតុផលថា Irrawaddy បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ, នីតិរដ្ឋ និងភាពសុខសាន្តត្រានរបស់ប្រជាជន តាមរយៈការធ្វើសេចក្តីរាយការណ៍ របស់ខ្លួន។
គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១ បណ្តាញសារព័ត៌មាន Irrawaddy បានដើរតួនាទីយ៉ាងសកម្ម ក្នុងការរាយការណ៍អំពី សកម្មភាពបង្រ្កាបយ៉ាងចាស់ដៃរបស់យោធា ទៅលើក្រុមបាតុករក៏ដូចជាក្រុមអ្នកដែលមាននិន្នាការ ប្រឆាំងនឹងរបបដឹកនាំរបស់ខ្លួន។ ដោយបង្កើតឡើងដំបូងនៅក្នុងប្រទេសថៃ កាលពីឆ្នាំ១៩៩៣ Irrawaddy បានប្រកាន់ជំហរប្រឆាំងជាប់ នឹងរបបដឹកនាំមីយ៉ាន់ម៉ា ដោយសារតែសេចក្តីរាយការណ៍របស់ខ្លួន ដែលសំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ នៅពេលមីយ៉ាន់ម៉ាចាប់ផ្តើមបើកទូលាយ Irrawaddy ក៏បានផ្លាស់ប្តូរប្រតិបត្តិការ នៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់ កាលពីឆ្នាំ២០១២ ដើម្បីរាយការណ៍អំពីដំណើរការអន្តរកាល ទៅរកលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា រហូតដល់ពេលផ្ទុះរដ្ឋប្រហារយោធា កាលពីឆ្នាំមុន៕